Saturday, July 14, 2012

កូនស្រីប៉ា

(បទកាកគតិ)
            ១.      កូនស្រីប៉ាស្រែកសម្រែកសោកយំ             បីដូចជាភ្នំសង្កត់ទ្រូងប៉ា
                   មិនអាចជួយកូនបានត្រឹមសោកា              ចាំម្តាយជីវ៉ាប្រពន្ធវិលវិញ។
          ២.      ជួយប៉ានិងកូនដោះទុក្ខទោលម្នេញ            កំពុងទួកជ្រិញរលួយជាប់ទ្រូង
                   កូនយំមិនបាត់ខ្លាំងដូចអន្លូង                    វាយស្គរទូងៗសង្វេគចិត្តក្រៃ។
          ៣.      ទិដ្ឋភាពកូនយំងំជាប់ដួងចៃ                      ពិតឲ្យអាល័យប៉ាភ្លេចមិនបាន
                   យំលើអង្រឹងពត់ខ្លួនពត់ប្រាណ                 យំហួសប្រមាណគួរឲ្យអាណិត។
          ៤.      ប៉ាបានត្រឹមយោលស្តាប់សូរខ្លោចចិត្ត        បើកចំរៀងជិតលួងកូនស្តាប់គេង
                   បទភ្លេងបន្លំសណ្តំកូនក្មេង                       អង្រឹងឃ្លោងឃ្លេងកូនគេងលក់ស្ងាត់។
          ៥.      ទឹកភ្នែកកូនស្រក់ដូចកាំបិតកាត់                ថ្លើមសួតប្រមាត់ក្នុងដើមទ្រូងប៉ា
                   កូនយំកូនស្រែកស្ទើហែកសោតា              ឯកែវនេត្រាប៉ាស្ទើស្រក់ឈាម។
          ៦.      កូនខ្ញុំយំណាស់ទាល់ហត់ដេកស្ងៀម          ទ្រូងខ្ញុំទុ​ក្ខបៀមពាំជាប់ជាមួយ
                   ខ្មាស់នាមឪពុកគ្មានលទ្ធភាពជួយ             បានត្រឹមស្តែងព្រួយតែងក្នុងកំណាព្យ។
          ៧.      សូមកូនកុំខឹងថាប៉ាធ្វើបាប                       បីដូចកូនចាបយំឃ្លានចំណី
                   ព្រោះប៉ាជាប្រុសគ្មានដោះឲ្យឆី                 បំបៅកូនស្រីប៉ាអត់ទោសប៉ាផង។
លីម ចំរើន ១៥.០៧.២០១២