Friday, November 16, 2012

ទេព្តានៅឯណា?



(បទព្រហ្មគតិ) 
     .   ទេព្តានៅឯណា?                  គួរពិចារណ៍យកមកគិត
              ថាឆ្ងាយតែដូចជិត                បើពិនិត្យហាក់បង្កើយ។
       ២.   ទេព្តាតែងស្តែងកាយ            ទីជិតឆ្ងាយផ្តល់សុខសោយ
              បើកូនខន្តីហើយ                   ផលផ្តល់ឲ្យគាប់ហឫទ័យ។
       ៣.  ទេព្តាមានគ្រប់ប្រាណ           ផ្តល់សុខសាន្តជូនគ្រប់វ័យ
              មិនថាក្មេង.ចាស់ក្តី               ជួបសិរីមង្គលពិត។
       ៤.   បើចង់ឃើញទេព្តា                ឆ្លុះភក្រ្តាប្រឹងពិនិត្យ
              មេត្តា.ករុណាចិត្ត                  កញ្ចក់ពិតបង្ហាញច្បាស់។
       ៥.   ព្រោះកូនទប់ចិត្តខឹង             មិនស្រវឹងចិត្តបញ្ច្រាស់
              ខន្តី.មេត្តាណាស់                  ករុណាក្រាស់ជនផងគ្នា។
       ៦.   ទេព្តាពិតមិនភ្លេច                 ជាន់ពន្លិចកាចដូចមារ
              បំផ្លាញចិត្តល្អជា                   សុខហូរហៀរទេព្តាថែ។
       ៧.   គប្បីថែទេព្តា                        ក្នុងចិន្តាកុំខឹងងាយ
              ទេព្តាមិនរលាយ                   សុខទូលស្ពាយនៅក្នុងចិត្ត។

លីម ចំរើន ១៣.១១.២០១២

យក្ស.ខ្មោចនៅឯណា?



(បទព្រហ្មគតិ) 
     .   យក្ស.ខ្មោចនៅឯណា?         បើបញ្ញាពិតឆ្លើយត្រូវ
              យក្ស.ខ្មោចតែងជាប់នៅ       តាមគ្រប់ផ្លូវគ្រប់វេលា។
       ២.   តែងផ្តល់ឲ្យទុក្ខព្រួយ            យ៉ាប់អ្នកជួយក្តៅរងា
              តែក៏អាចការពារ                   យកឈ្នះមារទាំងនោះបាន។
       ៣.  យក្ស.ខ្មោចទាំងនោះពិត       បើពិនិត្យមានគ្រប់ប្រាណ
              សាហាវតែងរំខាន                ឥតមានខានពេលចិត្តខឹង។
       ៤.   បើចង់ឃើញខ្មោច.យក្ស       ពេលខឹងជាក់ត្រូវសម្លឹង
              កញ្ចក់ឆ្លុះមុខនឹង                  ស្តែងឲ្យដឹងរូបច្បាស់ហើយ។
       ៥.   កូនខឹងខ្លាំងប៉ុណ្ណា                ខ្មោច.យក្សាមិនស្លូតឡើយ
              គំរាមកូនឥតស្បើយ             ចង់សុខសោយត្រូវខន្តី។
       ៦.   ជាយ័ន្តមន្តពូកែ                    ហាក់ដាក់ស្នេហ៍ខ្មោចប្រុស.ស្រី
              យក្សមារឲ្យភិតភ័យ              ផ្តល់សិរីជោគមង្គល។
       ៧.   គប្បីកូន.ស្រី.ប្រុស                ប្រឹងបណ្តុះខន្តីយល់
              ឃាត់យក្ស.ខ្មោចអំពល់        កុំឲ្យយល់នៅក្នុងចិត្ត។

លីម ចំរើន ១៣.១១.២០១២

អណ្តើកឯកា



(បទបន្ទោលកាក) របៀបទី២
    ១. អណ្តើកឯកា             ព្រាត់មេព្រាត់បាមើលថែ
        នាមអណ្តើកស្រែ       មនុស្សប៉ងស្នេហ៍ចាប់ឆី។
    ២. រស់នៅកំព្រា             រកស៊ីគ្រប់គ្រាភិតភ័យ
        មិនទាន់ពេញវ័យ       មិនដឹងជួបអ្វីថ្ងៃមុខ។
    ៣.ជួបគ្រោះឬសុខ...?     រស់នៅស្រណុកឬទុក្ខ
        ឬគេចាប់ទុក             ចិញ្ចឹមថ្ងៃមុខកាប់ស៊ី។
    ៤. អណ្តើកសូមផ្សង       សូមផុតសៅហ្មងគ្រប់ទី
        វៀរបាបញាំញី           រស់លើធរណីសុខសាន្ត។
    ៥. អាចជួបបងប្អូន          មានគូរួមក្បូនពីរប្រាណ
        កូនចៅក្សេមក្សាន្ត      ផលបុណ្យផ្តល់បានមង្គល។

លីម ចំរើន ១៣.១១.២០១២

រៃកណ្តឹង




(បទក្របចក្រវាឡមេពាក្យ៩)
        .    រៃកណ្តឹង ប្រឹងយំស្រែក ហែកព្រឹក្សា
                  ហាក់សោកា ថ្លាថ្លែងស័ព្ទ ប្រាប់រូបខ្ញុំ
                  ថារូបវា គ្រាឥលូវ ត្រូវទុក្ខធំ
                  ខ្វះសុខុម ផ្តុំខ្វាយខ្វល់ ផលជាប់ប្រាណ។
           ២.    ព្រោះទង្វើ ធ្វើនៃមនុស្ស នោះមិនត្រូវ
                  ច្រើនពេកកូវ នូវទុច្ចរិត ពិតរំខាន
                  កាប់ខ្ទេចខ្ទី ទីជំរក ជ្រកសុខសាន្ត
                  ឈើដឹងឡាន បានដុល្លារ ផ្សាចិត្តរៃ។
           ៣.   សង្ឃឹមថា ថ្លាអារម្មណ៍ ក្រំរសាត់
                  ថ្ងៃព្រួយបាត់ សត្វគ្រប់ប្រាណ បានសុខី
                  ធម្មជាតិ ញាតិជួយថែ ខ្មែរប្រុសស្រី
                  គង់ទឹកដី ព្រៃតំណ តកូនចៅ។

លីម ចំរើន ១៤.១១.២០១២

សម្រែករៃកណ្តឹង




(បទព្រហ្មគតិ)
  
   ១.សម្រែករៃកណ្តឹង              យំហាក់ខឹងដឹងរឿងអ្វី...?
      ឬឃើញគេកាប់ព្រៃ            កុំយំអីខ្ញុំអង្វរ។
   ២.អ្នកគឺជាសត្វទេ                 សូមមាសមេតមមាត់ក
      ហាមយំនាំកករ                 យំបន្តឲ្យមនុស្សខឹង។
   ៣.គេថ្លង់ទ្រាំមិនបាន             អាចក្ស័យប្រាណព្រោះយំនឹង
      ទោះអ្នកយំព្រោះដឹង          អាចត្រឹមខឹងលាក់ក្នុងចិត្ត។
   ៤.ខ្ញុំប្រាប់ព្រោះស្រលាញ់       ឥតស្អប់ក្នាញ់តែអាណិត
      ខ្លាចអ្នកក្ស័យជីវិត             ក៏ព្រោះត្បិតរឿងអ្នកយំ។
   ៥.តវ៉ាមានតែមនុស្ស             ជាគំនូសស្តែងសង្គម
      អ្នកសត្វត្រូវរម្យទម            បើចង់យំត្រូវរើសពេល។
  

លីម ចំរើន   ១៤.១១.២០១២