Friday, October 26, 2012

នាងតូច.ធំ.ស្គម.ធាត់



(បទព្រហ្មគតិ)  ប្រស្នា
      ១.     នាងតូច.ធំ.ស្គម.ធាត់             ឥតស្តីមាត់នាងដើរតាម
                រូបរសេមរសាម                    ទោះខ្ញុំហាមតាមឥតឈប់។
        ២.     នាងតែងស្តែងរូបកាយ          ទីជិតឆ្ងាយទាំងថ្ងៃយប់
                ព្រលឹមទល់ព្រលប់               ពន្លឺភប់ត្រាប់តាមខ្ញុំ។
        ៣.    ឥតមាន.មុខ.មាត់.ភ្នែក          ទោះយំយ៉ែកទាំងតូចធំ
                ឥតសូរថ្ងូរស្រែកសុំ               សោកសុខុមហ៊ានតវ៉ា។
        ៤.     នេះគឺបណ្តៅខ្មែរ                  ខ្ញុំសូមកែតែងអក្ខរា
                ជាកាព្យល្បងប្រាជ្ញា              សូមសួរថាតើស្អីគេ?
        ៥.     ចម្លើយដូចស្រមោច              មិនមែនខ្មោចកុំលួចជេរ
                ចភ័យមិននៅទេ                   លរិះរេជំនួសម្តង។
        ៦.     ឆ្លើយខុសគួរតែវ៉ៃ                  ទះបីដៃផលតបស្នង
                ហាមខឹងឬវាយសង              ព្រោះប្អូនបងឆ្លើយខុសន័យ។
        ៧.    មានភ្នែកតែហាក់ឈឺ             ខ្ញុំមិនឌឺសូមអភ័យ
                មិនអួតឯងចេះអី                   ចម្លើយន័យប្រាប់អស់ហើយ។
        ៨.     ខ្ញុំសូមលក់អ្នកអាន               គ្រប់ៗប្រាណមិនទុកឡើយ
                ឲ្យយក្សស៊ីសាច់ហើយ          ហាមខឹងឆ្លើយស្អប់រូបខ្ញុំ។

លីម ចំរើន ២៧.១០.២០១២

នាងអើយល្អអស្ចារ្យ



(បទព្រហ្មគតិ) ប្រស្នា
  .  នាងអើយល្អអស្ចារ្យ         ស្រស់សង្ហាល្អដូចពេជ្រ
        ពន្លឺចាំងព្រិចៗ                 ដេញរំលេចលើចុងស្មៅ។
   ២.  ស្តែងកាយមិនយូរយារ      អភ័ព្វគ្រាត្រូវកម្តៅ
        ពេជ្រល្អលើចុងស្មៅ         ប្រែសោកសៅរលាយប្រាណ។
   ៣. នេះគឺបណ្តៅខ្មែរ              បើពូកែពិតឆ្លើយបាន
        មិនយ៉ាប់បើតាមដាន        ពាក្យបុរាណបង្កប់ន័យ។
   ៤.  ចម្លើយផ្តើមព្យព្ជានៈ         ផ្ទុយខ្មៅជាក់ផ្សំសេចក្តី
        នឈរលើធ្វើហី                សក្រោមភ័យអើលើន។
   ៥.  ចង់ដឹងត្រូវកត់គិត            ចម្លើយពិតត្រូវថែមម
        ខ្ញុំតែងមិនមែនភរ             ផ្សំគ្នាគរឃើញចម្លើយ។
   ៦.  បណ្តៅនេះគឺអ្វី?               សូមប្រុសស្រីអ្នកអានឆ្លើយ
        ទាយខុសខ្ញុំលក់ហើយ      កុំស្តាយក្រោយឲ្យយក្សស៊ី។

លីម ចំរើន ២៦.១០.២០១២

សុខស្រមោល



(បទក្របចក្រវាឡមេពាក្យ៩)
                .      សុខស្រមោល បោលរសាត់ បាត់ទៅហើយ
                         ឱកូនអ្ហើយ ឲ្យវាទៅ នៅនឹកថ្វី
                         កុំវង្វេង លេងសប្បាយ កាយប្រុសស្រី
                         សុខឥតន័យ អ្វីគួរគិត ចិត្តស្រណោះ។
                ២.      បើមិនស្តាប់ ស័ព្ទពាក្យឪ ពៅពិតខ្វល់
                         សុខដូចខ្យល់ ផលដូចផ្សែង តែងហើរហោះ
                         សោកកាយ.ចិត្ត ពិតយ៉ាប់ជួយ ព្រួយយ៉ាប់ដោះ
                         ឪប្រាប់ស្មោះ អស់ពុកនៅ ត្រូវខំគិត។
                ៣.     ឆ្ងាញ់កាមគុណ ធ្ងន់តែទុក្ខ មុខតែគ្រោះ
                         បើវក់ហួស ព្រោះក្តិត.ក្ត កករចិត្ត
                         ភ្នែកមោហ៍បាំង ខ្លាំងអាចខ្សោយ ឲ្យអស់ឫទ្ធិ
                         យសងងឹត ចិត្តមិនស្ងប់ ឡប់ស្មារតី។
                ៤.      ឪសូមផ្តាំ ចាំអក្ខរា ចារណាពៅ
                         ខ្លាចអាស្រូវ នូវទង្វើ ល្ងើល្មោភឆី
                         បើស៊ីណាស់ ច្បាស់រឹតឃ្លាន ញៀនគ្រប់វ័យ
                         គួរគប្បី ភ័យខ្លាចគ្រោះ ព្រោះកាមគុណ។

លីម ចំរើន   ២៥.១០.២០១២

Monday, October 22, 2012

ឆ្កែ និង មនុស្ស



(បទព្រហ្មគតិ)
.       ឆ្កែអើយឆ្កែសង្វិត                 ឆ្កួតព្រោះក្តិតគ្មានគិតអ្វី
        ហាក់ភ្លេចឃ្លានចំណី            កាយរីងរៃស្គមឃើញឆ្អឹង។
   ២.  ដេកត្រាំចាំផ្ទះញី                  ចិត្តវក់វីភ្នែកសម្លឹង
        ឆ្កែផ្សេងកាត់មុខខឹង             រត់ស្ទុះវឹងខាំកំចាយ។
   ៣. ឥតខ្វល់គ្រោះអាត្មា              ឈឺខ្លោចផ្សាទ្រោមរូបកាយ
        គិតម្យ៉ាងបានសប្បាយ          ចិត្តខ្វល់ខ្វាយឆ្កួតឆ្ងាញ់ក្តិត។
   ៤.  ថាចុះធម្មជាតិសត្វ               យ៉ាប់ទប់ស្កាត់គ្មានគំនិត
        តែមានមនុស្សខ្លះពិត            ឆ្កួតព្រោះក្តិតយ៉ាប់ជាងឆ្កែ។
   ៥.  ខ្លួនមនុស្សចិត្តតិរច្ឆាន           បណ្តោយប្រាណស្នេហ៍ប៉ោឡែ
        ស្រីប្រុសក្បត់ឪម៉ែ                សីលធម៌ប្រែបន្ថោកខ្លួន។
   ៦.  ជ្រើមជ្រួលឆ្កួតកាមា             លើសមាត្រាមិនសមសួន
        ខ្លះគ្រោះព្រោះភ្លេចខ្លួន         ខុសច្បាប់ក្បួនថោកជាងសត្វ។
   ៧.  គប្បីលើកតម្លៃ                     ឲ្យបានថ្លៃជៀសវិបត្តិ
        ជាមនុស្សមិនមែនសត្វ          ត្រូវទប់ស្កាត់កាមក្នុងចិត្ត។

លីម ចំរើន ២២.១០.២០១២

Thursday, October 11, 2012

នឿយមុនសុខក្រោយ


(បទបថ្យាវត្ត)

    .    នឿយមុនសុខក្រោយសម្បតិ្តហូរហៀរ      លត់ដំគ្រប់គ្រាចេះចាយត្បិតត្បៀត
           មិនចាយខ្ជះខ្ជាយធ្វើឫកចោលម្សៀត        ខូចបង់មារយាទខ្វះមុខខ្វះក្រោយ។
    ២.    ដល់ឃើញគេមានទ្រព្យធនសុខសោយ     ទើបភ្ញាក់ស្តាយក្រោយជួនហួសវេលា
           មិនសន្សំទ្រព្យតាំងពីរយូរយារ                 ដល់ចាស់ជរាគ្មានទ្រព្យនៅសល់។
    ៣.    អ្នកខ្លះកូនច្រើនរឹតលំបាកខ្វល់                 គ្មាមកេរទ្រព្យផ្តល់ក្រខ្សត់ដល់ចៅ
           ព្រៀងលានសើចដៀលក្រព្រោះល្ងង់ខ្លៅ   ស្តាប់ឮចិត្តក្តីមិនសូវបានសុខ។
    ៤.    ដូចនេះទ្រព្យកើនផ្ទះធំស្រណុក               ហេតុព្រោះសម្រុករកទ្រព្យពីក្មេង
            កំលាំងនៅពេញមិនវក់ដើរលេង               វិលវល់វង្វេងចាយទ្រព្យខ្ជះខ្ជាយ។
    ៥.    ព្យាយាមសន្សំឧស្សាហ៍ជាប់ស្ពាយ           ចិត្តមិនរាយមាយការងារច្បាស់លាស់
           ដូចដាំកូនឈើប្រឹងថែកាប់គាស់               ចិត្តខ្ជិលហាមលាស់អប់រំអាត្មា។
    ៦.    លុយកាក់មាសប្រាក់កើតចេញផ្លែផ្កា         កាយចិត្តសុខាសម្បូរណ៍សប្បាយ
           តពូជវង្សផៅលើកយសពុកម្តាយ             ទ្រព្យកេរចែកចាយកូនចៅគ្រប់ប្រាណ។
    ៧.    ឆ្ងាយពាក្យនិន្ទាដៀលគ្រប់មជ្ឈដ្ឋាន          ឈ្មោះល្បីសព្វឋានអ្នកផងស្រលាញ់
           នាំលាភមកឲ្យចេញចូលត្របាញ់             ឆ្ងាយចិត្តកំណាញ់សោយចិត្តមង្គល។

លីម ចំរើន  ១២.១០.១២

Monday, October 8, 2012

ធម៌នាំកើតក្តីទុក្ខ


(បទព្រហ្មគតិ)

       .    ធម៌នាំកើតក្តីទុក្ខ                ចូលចាំទុកគឺទោសា
              និន្ទា.លោភៈណា              គឺបញ្ហាពិតជាក់ស្តែង។
       .   ទោសាគឺចិត្តខឹង                ល្ងង់ល្ងិតរឹងចិត្តឥតក្រែង
              ចិត្តក្តៅហាក់ចេញផ្សែង      ព្រោះហេតុខ្វែងគំនិតគ្នា។
       .   អារម្មណ៍ចិត្តមិនស្ងប់         ដូចឆ្កួតឡប់ផ្តើមនិន្ទា
              ផ្ចាញ់ផ្ចាលយកឈ្នះគ្នា      គ្រប់វេលាមិនមានសុខ។
       .    លោភៈក៏អំណាច              ដូចមារកាចចាំសម្រុក
              សត្រូវចិត្តអុកឡុក             មិនស្រណុកខ្វល់ចិត្ត.កាយ។
       .    បើកាន់ធម៌មួយណា           ពិតខ្លោចផ្សាគិតខ្វល់ខ្វាយ
              ឃ្លាតសិរីទាំងឡាយ          គ្រោះអន្តរាយច្រើនអាស្រូវ។
       .    គប្បីជនប្រុសស្រី              ក្មេងចាស់ក្តីលះបង់ទៅ
              ទើបចិត្តសុខឋិតនៅ           ឈ្នះសត្រូវនៅក្នុងចិត្ត។


លីម ចំរើន ០៨.១០.១២

ធម៌នាំកើតក្តីសុខ


(បទព្រហ្មគតិ)

       .    ធម៌នាំកើតក្តីសុខ              ពេញទាំងស្រុកទីជិតឆ្ងាយ
              បាត់គ្រោះជួបសប្បាយ      ចិត្តនិងកាយអស់កង្វល់។
       .   គឺធម៌បួនប្រពៃ                  មួយខន្តីប្រយោជន៍ផ្តល់
              មេត្តា.ករុណាខ្វល់             សុខសោយសល់មុទិតា។
       .   ខន្តីគឺមិនខឹង                     មេត្តាដឹងយល់បញ្ហា
              តាំងចិត្តករុណា                 មុទិតាជនផងគ្នា។
       .    ធ្វើបានពិតសប្បាយ           សុខចិត្តកាយគ្រប់វេលា
              ព្រោះឈ្នះសត្រូវមារ         សុខហូរហៀរនៅក្នុងចិត្ត។
       ៥​.    ផ្តល់តែជោគសិរី               ឃ្លាតទុក្ខភ័យសុខសាន្តពិត
              ភ្នែកភ្លឺមិនងងឹត                 ថ្លាដួងចិត្តមិនអបលក្សណ៍។
       .    គប្បីកាន់ជាប់ខ្លួន              ធម៌ទាំងបួនរកទុកដាក់
              ពិតថ្លៃជាងមាសប្រាក់        ឈ្នះអមតៈមង្គលក្រៃ។

លីម ចំរើន ០៨.១០.១២