(បទបន្ទោលកាក) របៀបទី២
,
១. អំណាចទ្វាចិត្ត កោងកាចមែនពិតគួរខ្លាច
បើឲ្យបាចសាច ពិតកើនអំណាចឲ្យព្រួយ។
២. ទ្វាចិត្តផ្តល់ទុក្ខ ក្តីសុខនៅមុខជាមួយ
មិនមានអ្នកជួយ ក្រៅពីជំនួយខ្លួនឯង។
៣. ទ្វាចិត្តមនុស្ស ត្រូវប្រឹងដុសឈូសចេះក្រែង
ឃុំគ្រងខ្លួនឯង ក្តីទុក្ខចំបែងពិតឆ្ងាយ។
៤. ទ្វាចិត្តមានប្រាំ ព្រះពុទ្ធលោកផ្តាំបកស្រាយ
បណ្តោយអន្តរាយ នាំចិត្តបែកសាយខុសផ្លូវ។
៥. ទី១ផ្លូវភ្នែក នាំចិត្តបែកមែកពេកកូវ
ជួនភ្លេចខុសត្រូវ នាំឲ្យធ្លាក់ផ្លូវកាមគុណ។
៦. ឆ្កួតរូបល្អស្អាត ចិត្តគំនិតផ្លាតគយគន់
ស្រមៃពេកពន់ ភ្លេចទោសស្រាលធ្ងន់នាំគ្រោះ។
៧. ដូចវង្វេងទ្រព្យ ឃើញគេមានភ័ព្វចង់ឈ្លោះ
ផ្ចាញ់ផ្ចាលកេរ្តិ៍ឈ្មោះ សម្ញែញទ្រព្យយសបៀតបៀន។
៨. ខ្លះប្រែច្រណែន ប្រើល្បិចបត់បែនចិត្តហ៊ាន
ព្រោះក្រចង់មាន ភ្នែកនាំឲ្យញៀនភ្លេចគិត។
៩. ខ្លះចាស់ជាក់ស្តែង បែរប្រឹងតុបតែងប្រឌិត
រាល់ថ្ងៃប្រឹងគិត មិនសូវស្ងប់ចិត្តខ្វាយខ្វល់។
១០. ជ្រើមជ្រួលវង្វេង ចាស់ចង់ធ្វើក្មេងច្របល់
ហាក់ភ្លេចហេតុផល កាយចាស់កម្មផ្តល់ធម្មជាតិ។
១១. ទី២ផ្លូវមាត់ ខ្លាំងគ្មានអ្នកឃាត់ចោលម្សៀត
ស្តីគ្មានមារយាទ ប៉ិនប្រើល្បិចស្នៀតពិសពុល។
១២. មាត់ខ្លះគួរខ្លាច មាត់មន្តអំណាចយ៉ាប់យល់
និយាយមង្គល និយាយផ្តើមគល់បញ្ហា។
១៣. មាត់ខ្លះសំភី ស្តីហួសនាទីវោហារ
មិនច្បាស់ត្រង់ណា ពេលខ្លះស្តីថាហួសច្បាប់។
១៤. ចុងក្រោយគេទាន់ ភ័យស្លន់ដូចមាន់គេចាប់
ពេលខ្លះអាចស្លាប់ មិនបានស្តីប្រាប់ផ្តែផ្តាំ។
១៥. មាត់ខ្លះគួរស្អប់ ប៉ិនស្តីឡិកឡប់ប្រចាំ
ណែនាំមិនចាំ អ្នកផងលឺសាំគ្មានន័យ។
១៦. ទី៣ច្រមុះ ទ្វាអាចនាំខុសគិតខ្លី
អាងក្លិនមិនអី វង្វេងថ្ពាល់ស្រីមិនខ្វល់។
១៧. មាត់ថា,ភ្នែកគន់ សប្បាយកាមគុណសោយសល់
ទ្វាបីនាំខ្វល់ នាំចិត្តច្របល់វង្វេង។
១៨. ច្រមុះផ្តេសផ្តាស់ ទោះមនុស្សចាស់ផ្លាស់ក្មេង
ឈ្លក់ក្លិនផ្សេងៗ នាំចិត្តឃ្លោងឃ្លេងសោកព្រួយ។
១៩. ពេលក្លិនទៅបាត់ ចិត្តសោកព្រួយស្កាត់រំអួយ
ត្រូវការជំនួយ សោយក្លិនបាត់ព្រួយម្តងទៀត។
២០. ទ្វានេះអាចគ្រោះ បាត់បង់កេរ្តិ៍ឈ្មោះបង់ម្សៀត
បើឥតមារយាទ អាចនំាចិត្តឃ្លាតក្តីស្ងប់។
២១. មនុស្សល្អជា អាចត្រូវវេទនាស្ទើឡប់
ច្រមុះបន្លប់ ហិតក្លិនមិនស្អប់វង្វេង។
២២. ទី៤ត្រចៀក ទ្វាអាចនាំងាកបែកឆ្វេង
ពេលខ្លះដូចក្មេង គេនិយាយលេងសរសើរ។
២៣. បែរជាមិនគិត បណ្តោយឲ្យចិត្តហោះហើរ
មិនទប់ដំណើរ ឆ្កួតពាក្យសរសើរសប្បាយ។
២៤. ដល់ពេលយូរទៅ សរសើរមិននៅឃ្លាតឆ្ងាយ
បែរព្រួយចិត្តស្តាយ នាំសោកខ្វល់ខ្វាយមិនស្វាង។
២៥. ជួនឮមិនច្បាស់ នាំចិត្តខំណាស់ប្រឹងសាង
ដល់គ្មានអ្វីអាង ចិត្តធ្លាប់ក្អេងក្អាងឈប់អួត។
២៦. ត្រចៀកខ្លះយ៉ាប់ នាំគ្រោះដល់ស្លាប់ឬឆ្កួត
ព្រោះតែអំនួត គេសរសើរអួតប្រឹងគិត។
២៧. ទី៥ទ្វាកាយ នាំសោកសប្បាយដល់ចិត្ត
ជួនឲ្យព្រួយពិត ខ្ញុំមិនប្រតិដ្ឋកំប្លែង។
២៨. ដូចកាយស្គមធាត់ ចិត្តនាំឲ្យមាត់ចំបែង
រអ៊ូថ្លាថ្លែង ចិត្តខ្មាសគេឯងព្រោះកាយ។
២៩. កាយខ្លះធ្លាប់ស្រួល ដល់ពេលប្រែប្រួលនឹកស្តាយ
សោកព្រួយស្អប់បាយ លែងឃ្លានជិនណាយឆ្អែតចិត្ត។
៣០. ដូចកាយខ្លះខ្មៅ ព្រួយចិត្តសោកសៅគេងគិត
ចង់សល្អពិត ខំតុបតែងប្រិតខ្វាយខ្វល់។
៣១. ដូចខ្លះកាយ.ស ដល់ខ្មៅមិនល្អច្របល់
ចិត្តព្រួយសល់វល់ ចំបែងស្ទើខ្យល់មិនស្ងប់។
៣២. អ្នកខ្លះកាយចាស់ ចិត្តព្រួយប្តូរផ្លាស់ចង់ឡប់
តែងកាយគួរស្អប់ ចាស់កាយត្រឡប់ចង់ក្មេង។
៣៣. នេះរឿងជាក់ស្តែង មិនមែនកំប្លែងលលេង
ទ្វាប្រាំដូចភ្លេង ពង្វក់វង្វេងដល់ចិត្ត។
៣៤. បើគ្រងមិនល្អ ពិតល្អក់កករជីវិត
អាចវិភាគគិត ខ្ញុំមិនប្រឌិតអត្ថន័យ។
៣៥. ក្រែងខុសខ្ពស់ទាប តែងមិនសុភាពថាស្តី
សូមត្រាប្រណី អ្នកអានប្រុសស្រីខ្ញុំផង។
លីម ចំរើន (០១.០៤.២០១២) ម៉ោង៩ៈ៣០នាទីព្រឹក