Saturday, March 31, 2012

សំលេងជ្រូកស្រែក

បទពាក្យ៨ទំនើប
          ១.      សំលេងជ្រូកស្រែកសម្រែកខ្លោចផ្សា          ខ្ញុំឮពេលណាចិន្តាតក់ស្លុត
                   ដង្ហើមផ្តើមខ្សោយដង្ហោយស្ទើផុត             ចិត្តខ្ញុំស្រយុតរន្ធត់ចិត្តក្រៃ។
          ២.      ចងភ្ជាប់ម៉ូតូស្រែកថ្ងូឈឺចាប់                    ហាក់ផ្តាំមុនស្លាប់ភ័យខ្លាចក្សិនក្ស័យ
                   តែគង់មិនផុតពីការប្រល័យ                      ដល់ផ្ទះបានដៃចាក់កសម្លាប់។
          ៣.      នេះគឺរឿងពិតខ្ញុំឃើញច្បាស់ភ្នែក              ទុក្ខផ្តើមបែកមែកចិត្តព្រួយកាយយ៉ាប់
                   ជ្រូកប្រឹងស្រែកថ្ងូរសូរគ្មានអ្នកស្តាប់           គេមិនយល់សព្ទ័វាប្រាប់សោកទ្វេ។
          ៤.      ហាក់សុំសន្តោសស្រីប្រុសមេត្តា                ដល់ជ្រូកផងណាមិនចង់ស្លាប់ទេ
                   ទោះមនុស្សសត្វទាំងខ្ញុំទាំងគេ                 តែងគិតគ្នាន់គ្នេរប្រាថ្នាជៀសស្លាប់។         

លីម ចំរើន ២៩.០៣.២០១២

No comments:

Post a Comment