Friday, January 18, 2013

ទឹកសុទ្ធមួយយួរ



(បទបថ្យាវត្ត)
    .  ទឹកសុទ្ធមួយយួរឆួលឆេះចិន្តា         ហាក់ដុតក្តៅផ្សាហិង្សាសន្ថិត
          ឈ្លោះទាស់បងប្អូនម៉ែឪលែងគិត    មោហ៍បាំងងឹតមើលអ្វីមិនយល់។
     ២. ប្រកែកប្រណាំងតតាំងឆេះឆុល       បងប្អូនលែងយល់ភ្លេចអស់ខុសត្រូវ
          ម្តាយខំប្រឹងឃាត់ព្រមជាមួយឪ       តែហាក់គ្មានផ្លូវរំលត់ខឹងបាន។
     ៣. ទឹកសុទ្ធមួយយួរអាប់អួររំខាន          គ្រួសារសុខសាន្តប្រែអាប់មង្គល
          បញ្ហាតូចសោះមិនដោះមិនយល់     បែរថែមអំពល់ឈ្លោះគ្នាឥតក្រែង។
     ៤.  មិនខ្មាស់អ្នកផងរបងជាប់ឯង          រឹតប្រឹងស្រែកក្តែងប្រកែកចាញ់ឈ្នះ
          មិនអាសូរឪនិងម្តាយដូចព្រះ          លោកនៅក្នុងផ្ទះចំបែងខ្លោចផ្សា។
     ៥.  ឃើញកូនឈ្លោះគ្នាប្រកែកឡូឡា    ច្បាស់និងនេត្រាតែងាត់មិនបាន
          បំផ្លាញរបស់ខ្ទេចអស់សព្វឋាន       ម្តាយពុកពីរប្រាណសង្វេគចិត្តក្រៃ។
     ៦.  រឿងព្រោះរូបខ្ញុំចិត្តធំចង្រៃ              ឪលក់ថោកថ្លៃមិនយល់មិនគិត
          រអ៊ូថាឪអាស្រូវពេកពិត                  ប្អូនឮទើសចិត្តផ្តើមជាជំលោះ។
     ៧. កុំត្រាប់តាមខ្ញុំចិត្តខ្លាំងនាំគ្រោះ        អាប់ឱនកិត្តិយសឈ្លោះប្អូនឈ្លោះបង
          នាំទាំងគ្រួសារម៉ែឪសៅហ្មង           ពេលខឹងម្តងៗសូមកាន់ខន្តី។

លីម ចំរើន​ ១៦.០១.២០១៣
(រឿងពិតរបស់ខ្ញុំឈ្លោះបងប្អូនឯង ព្រោះឪពុកលក់ទឹកបរិសុទ្ធមួយយួរថោកពេក)

Saturday, January 12, 2013

តើភ្នែកខ្ញុំកើតអ្វី?




(បទបថ្យាវត្ត)
                   .      តើភ្នែកខ្ញុំកើតអ្វីមើលមិនបាន?
                            ត្រចៀករំខានស្តាប់ឮគ្រប់រឿង។
                            ពួកជនទុច្ចរិតរៀបល្បិចចិត្តសឿង
                            កូរវឹកផ្សំគ្រឿងប្រមូលដុល្លារ។
                   ២.      បង្កើនបក្សពួកពាលាបាតផ្សារ
                            ទោះខ្ញុំស្តីថាប្រាប់គេមិនជឿ
                            បែរខឹងរូបខ្ញុំដៀលត្មេះធ្វើអឿ
                            គំនិតស្រុញតឿស្រដីមិនពិត។
                   ៣.      ទោះខ្ញុំស្តាប់ច្បាស់ប្រកាស់ស្មោះចិត្ត
                            គេថាប្រតិដ្ឋបំពល់សង្គម
                            ធ្វើម្តេចខ្ញុំក្មេងបានត្រឹងស្រែកយំ
                            រៀបឫករម្យទមធ្វើស្របគេទៅ។
                   ៤.      គិតទៅគិតមកទើបខ្ញុំយល់ត្រូវ
                            ផ្លូវត្រង់ដើរទៅគងជាន់បន្លា
                            ត្រចៀកស្តាប់បានទោះមាត់អាចថា
                            ក៏គ្មានបានការព្រោះខ្ញុំខ្វាក់ភ្នែក។
លីម ចំរើន ១២.០១.២០១៣

តើមាត់ខ្ញុំកើតអ្វី?




(បទបថ្យាវត្ត)
                   .      តើហេតុអីមាត់ខ្ញុំមិនអាចស្តី?
                            ទោះឃើញរឿងអ្វីទាស់ឈឺចិន្តា
                            រឿងល្អរឿងអាក្រក់សព្វកិច្ចការ
                            ឈឺនេត្រាផ្សាអារម្មណ៍ពេកក្រៃ។
                   ២.      ទោះខំស្តែងកាយឆ្ការជើងឆ្ការដៃ
                            ត្រឹមគេស្អប់ក្រៃព្រោះមិនយល់ន័យ
                            ឬគេដឹងដែរតែហាក់ភិតភ័យ
                            ព្រោះខ្ញុំក្មេងវ័យគេមិនជឿចិត្ត។
                   ៣.      ខ្ញុំឃើញគេខ្លះក្រាស់ធ្វើទុច្ចរិត
                            លួចលាក់ឃុបឃិតស៊ីលើស៊ីក្រោម
                            រលួយពុកផុយស្អុយជាចង្កោម   
                            ក្លិនស្អុយជាងផោមហួសស្តីវាចា។
                   ៤.      នេះគ្រាន់តែខ្ញុំធៀបឧបមា
                            ចង់ណាស់ស្តីហាប្រាប់ឲ្យគេដឹង
                            គិតទៅគិតមកខ្ញុំយល់ឈប់ខឹង
                            កើតហេតុអញ្ចឹងព្រោះខ្ញុំមនុស្សគ។
លីម ចំរើន ០៦.០១.៣០១៣