Friday, January 18, 2013

ទឹកសុទ្ធមួយយួរ



(បទបថ្យាវត្ត)
    .  ទឹកសុទ្ធមួយយួរឆួលឆេះចិន្តា         ហាក់ដុតក្តៅផ្សាហិង្សាសន្ថិត
          ឈ្លោះទាស់បងប្អូនម៉ែឪលែងគិត    មោហ៍បាំងងឹតមើលអ្វីមិនយល់។
     ២. ប្រកែកប្រណាំងតតាំងឆេះឆុល       បងប្អូនលែងយល់ភ្លេចអស់ខុសត្រូវ
          ម្តាយខំប្រឹងឃាត់ព្រមជាមួយឪ       តែហាក់គ្មានផ្លូវរំលត់ខឹងបាន។
     ៣. ទឹកសុទ្ធមួយយួរអាប់អួររំខាន          គ្រួសារសុខសាន្តប្រែអាប់មង្គល
          បញ្ហាតូចសោះមិនដោះមិនយល់     បែរថែមអំពល់ឈ្លោះគ្នាឥតក្រែង។
     ៤.  មិនខ្មាស់អ្នកផងរបងជាប់ឯង          រឹតប្រឹងស្រែកក្តែងប្រកែកចាញ់ឈ្នះ
          មិនអាសូរឪនិងម្តាយដូចព្រះ          លោកនៅក្នុងផ្ទះចំបែងខ្លោចផ្សា។
     ៥.  ឃើញកូនឈ្លោះគ្នាប្រកែកឡូឡា    ច្បាស់និងនេត្រាតែងាត់មិនបាន
          បំផ្លាញរបស់ខ្ទេចអស់សព្វឋាន       ម្តាយពុកពីរប្រាណសង្វេគចិត្តក្រៃ។
     ៦.  រឿងព្រោះរូបខ្ញុំចិត្តធំចង្រៃ              ឪលក់ថោកថ្លៃមិនយល់មិនគិត
          រអ៊ូថាឪអាស្រូវពេកពិត                  ប្អូនឮទើសចិត្តផ្តើមជាជំលោះ។
     ៧. កុំត្រាប់តាមខ្ញុំចិត្តខ្លាំងនាំគ្រោះ        អាប់ឱនកិត្តិយសឈ្លោះប្អូនឈ្លោះបង
          នាំទាំងគ្រួសារម៉ែឪសៅហ្មង           ពេលខឹងម្តងៗសូមកាន់ខន្តី។

លីម ចំរើន​ ១៦.០១.២០១៣
(រឿងពិតរបស់ខ្ញុំឈ្លោះបងប្អូនឯង ព្រោះឪពុកលក់ទឹកបរិសុទ្ធមួយយួរថោកពេក)

No comments:

Post a Comment