Friday, April 12, 2013

ជូនពរឆ្នាំថ្មី



(បទបថ្យាវត្ត)
  .   ខ្ញុំសូមជូនពរប្រជាប្រុសស្រី                    ទូរទាំងលោកិយគ្រប់វ័យខេមរា
        ទោះនៅទីជិតឬឆ្ងាយយ៉ាងណា              សូមសោយសុខាទាំងចិត្តទាំងកាយ។
  ២.   រកស៊ីធូរធាសម្បូរសប្បាយ                     ឧបទ្រពទាំងឡាយជិតឆ្ងាយស្រាយអស់
        ឯអ្នកពិសពុលគិតយល់ប្រែស្មោះ            ទុច្ចរិតស្រាយដោះចិត្តចេះជួយគ្នា។
  ៣.  លះបង់ចិត្តបាបឆ្អេះឆ្អាបចិត្តមារ              ផ្តើមចិត្តសទ្ធាសាងបុណ្យសីលទាន
        រួបរួមសាមគ្គីអ្នកក្រអ្នកមាន                    ជៀសផុតស្រេកឃ្លានប្រជាគ្រប់វ័យ។
  ៤.   សូមទេព្តាធុង្សៈទេវីស្រី                        ផ្តល់ជោគសិរីសព្វជ័យមង្គល
        ដល់ខ្មែរគ្រប់រូបផុតសោកអំពុល              ជាតិខ្មែរជួបយល់តែភាពរុងរឿង។

លីម ចំរើន ១៣.០៤.២០១៣

Sunday, April 7, 2013

កូនឆ្កែ




(បទបថ្យាវត្ត)
  .   កូនឆ្កែយំស្រែកយំហែករាត្រី                 ព្រោះមានទុក្ខភ័យត្រូវជាប់ចំណង
        មនុស្សចិញ្ចឹមសង្ឃឹមគិតប៉ង                 ប្រយោជន៍តបស្នងពេលធំថ្ងៃមុខ។
  ២.   ត្រូវឃ្លាតមេបាខ្លោចផ្សារងទុក្ខ               លែងបានជួបមុខក្រុមញាតិទៀតហើយ
        មកនៅផ្ទះថ្មីភិតភ័យឥតស្បើយ             មិនដឹងថ្ងៃក្រោយសុខទុក្ខយ៉ាងណា។
  ៣.  បើម្ចាស់ប្រណីផ្តល់ម្ហូបអាហារ              ដោយចិត្តមេត្តាឆ្កែពិតសំណាង
        ឆ្កែខ្ញុំស៊ូហត់ព្រោះបានម្ចាស់អាង           ការពារផ្ទះកាងមិនឲ្យម្ចាស់ព្រួយ។
  ៤.   តែបើជួបម្ចាស់ចិត្តស្អុយរលួយ              កូនឆ្កែរឹតព្រួយមិនដឹងពឹងអ្វី?
        សូមគុណមេបាទេព្តាចាស់ថ្មី                 ផ្តល់សុខសិរីមង្គលឆ្កែផង។
  ៥.   ទោះខ្ញុំជាឆ្កែក៏តែងគិតផ្សង                   ឆ្ងាយសោកសៅហ្មងរស់ដោយសុខសាន្ត
        ចង់រស់ដូចមនុស្សទោះជាតិរិច្ឆាន          សូមម្ចាស់គ្រប់ប្រាណកុំធ្វើឆ្កែ។

លីម ចំរើន ០៥.០៤.២០១៣

ណាគ្រីមាសបង




(បទបថ្យាវត្ត)
  . ណាគ្រីមាសបងអូនស្រស់ម្ល៉េះទេ             អូនស្អាតដាច់គេពិតពេញមន្តស្នេហ៍
      អន្ទងចិត្តបងនឹកស្រីឥតល្ហែ                      ប៉ងថ្នាក់ថ្នមថែយកអូនជាគូ។
  ២. ភក្រ្តាអូនស្រស់លើសអស់គំនូរ                វិចិត្រករគូរល្បីៗលើលោក
      មិនហ៊ានតវ៉ាឡូឡាចូលមក                     ប្រៀបធៀបពន្លកស្មើអូនបានឡើយ។
  ៣. សម្បុរស្រអែមផៅពង្សខេមរា                  ពិតគ្មានអ្នកណាស្រស់ស្អាតដូចស្រី
      សុភាពរម្យទមកិរិយា.សម្តី                       គ្រប់គ្រងលក្ខ័ស្រីមិនបង់មាយាទ។
  ៤. តើថ្ងៃណាទៅជួបពៅម្តងទៀត                  ព្រោះបងត្រូវឃ្លាតឆ្ងាយពីឆោមឆាយ
      បំពេញការងារនៅដីខេត្តឆ្ងាយ                  ទាំងចិត្តនឹកស្តាយមិនដាច់អាល័យ។
  ៥. សង្ឃឹមថ្ងៃមួយពិតមាននិស្ស័យ                 បានជួបថ្លើមថ្លៃរៀបការជាគូ
      ទុក្ខសោកបានស្រាយកង្វល់បានធូរ           រួមរស់យឺនយូរសោយសុខមង្គល។

លីម ចំរើន ៦.០៤.២០១៣

Tuesday, April 2, 2013

អា.ស៊ី.លី.ដេ អាចោះ




(បទបថ្យាវត្ត)
  .   អា.ស៊ី.លី.ដេ អាចោះ អស្ចារ្យ               ការណ៍គោល ស្ថាន់បា មហាលោតផ្លោះ
        គ្រប់ បឹកកាឡុក ព្រៃស្រុះ ទាំងអស់       បំរើស្ម័គ្រស្មោះអស់ទាំង ចាយគិត
  ២.   ប្រាក់ធ្នោះ ឌាំនឹក ដឹកនាំមានចិត្ត           ប្រែខាក់ ផ្តល់ពិតគំរិតមធ្យម
        ធូរធារស់ស្រួល ដែរខាច់ ចង់យំ             ប៉ុងឃ្និតសង្គមសមរម្យថ្លៃថ្នូរ។
  ៣.  តង់ជួស បានផ្ទះ,ឡាន,ឬម៉ូតូ                 ម៉ាច់បិន ដេកថ្ងូរអាចខ្ចីលុយបាន
        ប៉ែតុន បំណុល រោះគុំ ជាប់ប្រាណ         ចងជាប់ហួសស្មាន តល់ដ កូនចៅ។
  ៤.   ណើងឡឹក នឹកឡើយ ចាដិន ឆួលក្តៅ    ខៅខ្លួរ ខួរខ្លៅ សប្បាយលុយខ្ចី
        កើព្រេ ហោងមោះ ដូចគោ,ក្របី            អៀនហិត ហាស្តីបានត្រឹមឱបព្រួយ។
  ៥.   តុំខ្ញើ តើខ្ញុំប្តឹងអ្នកណាជួយ                     ការណ៍គោល លេខមួយ ត្រូចដង់ បន្ទាត់
        គាង៉ា ខ្ញុំពិត ឡ្អះណ៎ មុខមាត់                តូមស្គោះ,ធំធាត់ ដិតជួង ក្រៀមស្វិត។
  ៦.   នឺគីស នេះគឺរឿងខ្ញុំមែនពិត                   ស្ថាន់បា ក្រំគ្រិត នៅកម្ពុជា
        គោះឆ្មេ រន្ទឺ ឡីល្បឺ ខ្ទរខ្ទារ                     គឺធនាគារ ម៉ាហ៊ អាចោះ
  ៧.  តៃថ្ងើ ណាទៅ បឹកកាឡុក ទាំងអស់       ចាយគិត ស្រស់បោះបំពេញ គាង៉ា
        ការងាររីករាយ សូបំ ដុល្លារ                   ចាមតាយ ត្រូវការមិនខ្វះមុខក្រោយ។
  ៨.   សមពេញ​ គោះឆ្មេ ប្រជាផ្តល់ឲ្យ             បឹកកាឡុក សោយសុខ រស់សមរម្យ
        មឹងខិន លេជួច ស្តីដៀលសើចយំ          ត្រជាក់ត្រជុំ ផ្តុកសល់ មង្គល។

ឡើន ចំរីម ០២.០៤.២០១៣