Friday, December 28, 2012

ឪពុកភិតភ័យ



(បទបថ្យាវត្ត)
            ១.   ពេលកូនក្អូតសន្លប់បាត់ស្មារតី 
                 ឪពុកភិតភ័យឥតឧបមា
                 កាយកូនស្លេកស្លាំងខ្មៅអស់ភក្រ្តា   
                 ពុកសែនឈឺផ្សាជួយកូនមិនបាន។
          ២.   កាយកូនត្រជាក់ញាក់ញ័រសព្វប្រាណ     
                 រឹតតែរំខានក្នុងអារម្មណ៍ពុក
                 ឃើញកូនវេទនាទ្រូងថែមឱបទុក្ខ    
                 ត្រឹមឃើញនៅមុខពុកសង្វេគពិត។
          ៣.   ពេលកូនដឹងខ្លួនឪពុកថយគិត 
                 ព្រោះកូនថ្លើមចិត្តអ្នកឆ្លងផុតភ័យ
                 ឪពុកសប្បាយហួសវាចាស្តី     
                 បន់អស់មេឃ,ដីសូមកូនសុខសាន្ត។

លីម ចំរើន ២៥.១២.២០១២

ម្ទេសក្នុងផើង



(បទក្របចក្រវាឡ មេ១២ថ្មី)
        ១.     ម្ទេសក្នុងផើង ឡើងមិនរួច លួចតូចចិត្ត គិតម្នាក់ឯង
                កាយហាក់ស្តែង ថ្លែងសារស័ព្ទ ប្រាប់មកខ្ញុំ ធំទុក្ខព្រួយ
                ព្រោះរូបវា គ្រាឥលូវ ត្រូវអភ័ព្វ ជាប់ជាមួយ
                ត្រូវការជួយ ស្ទួយពីម្ចាស់ ផ្លាស់ទង្វើ ធ្វើមិនសម។
        ២.     ម្ទេសលម្អ ក៏ចង់បាន ប្រាណសាខា ផ្កាផ្លែដែរ
                មានម្ចាស់ថែ តែកុំល្បិច ក្តិចផ្កាត្រួយ ជួយបន្លំ
                ឲ្យម្ទេសទុក្ខ មុខឡើងស្លេក ដេកចំបែង​ ថ្លែងក្រៀមក្រំ
                ជួយមិនសម ខំបំផ្លាញ ក្រាញទង្វើ ធ្វើអប្រិយ។
        ៣.    សូមម្ចាស់ស្មោះ ដោះទម្លាប់ ធ្លាប់ឃោរឃៅ នៅចិត្តល្អ
                ចិត្តស្មោះស កករគ្មាន រៀនមេត្តា ត្រាប្រណី
                ទោះមនុស្ស,សត្វ ស្កាត់មកនៅ ត្រូវជួយថែ ស្នេហ៍គ្រប់វ័យ
                កុំអប្រិយ ភ័យគេល្អ តទៅមុខ ទុក្ខអាត្មា។
        ៤.     ម្ចាស់ត្រូវជួយ ស្ទួយម្ចេសផង សងទង្វើ ធ្វើសមរម្យ
                ឈប់កួនគុំ ជ្រុំមើលថែ ប្រែទម្លាប់ ធ្លាប់ឫស្សា
                ម្ទេសសងគុណ ធ្ងន់ផ្កាស្លឹក ញឹកគ្រប់មែក ជ្រែកផល្លា
                ម្ចាស់ទស្សនា ថ្លាអារម្មណ៍ ក្រំឃ្លាតឆ្ងាយ កាយមង្គល។

លីម ចំរើន ១០.១២.២០១២

ប្តីសប្បាយ



(បទក្របចក្រវាឡ មេ១២ថ្មី)
  ១.ប្តីសប្បាយ កាយប្រពន្ធ ធ្ងន់ដោយទុក្ខ មុខក្រំក្រៀម
     ប្តីលាក់លៀម ត្រៀមល្បិចស្នៀត ឆ្លៀតទង្វើ ធ្វើផ្តេសផ្តាស
     ផឹកឡូឡា ក្លាសម្តី ស្តីឥតក្រែង តែងកុហក ឆក់ឱកាស
     លួចឆីណាស់ ក្រាស់ដោយកាម តាមជាប់គូទ លូតឥតឈប់។
  ២.នេះហៅប្តី ស្រីសែនស្អប់​ កប់ស្រលាញ់ ក្នាញ់ដល់ឆ្អឹង
     ការមិនប្រឹង ដឹងតែម្យ៉ាង សាងសប្បាយ កាយវក់ងប់
     ប្រពន្ធប្រាប់​ ស្តាប់មិនឮ ឌីធ្វើជើយ ឈ្លើយឥតឈប់
     ពាលាគ្រប់ លុបលាងទៅ ត្រូវកែខ្លួន ជួនដឹងខុស។
លីម ចំរើន ២៤.១២.២០១២

ត្នោតមួយដើម



(បទក្របចក្រវាឡ មេ១២ថ្មី)
   ១.ត្នោតមួយដើម សើមពុកផុយ ស្អុយរលួយ ជួយមិនបាន
       ល្អក្រៅប្រាណ ស្មានមិនអី ភ័យមិនមាន គ្មានបារម្ភ
       តែសាច់ក្នុង ផុងរលេះ កេះឃើញខ្មូត ស្រូតបន្លំ
       ប្រឹងសន្សំ ខំលួចឆី ថ្មីនិងចាស់ ផ្លាស់វេនគ្នា។
   ២.ខ្ញុំខ្លោចចិត្ត គិតដើមត្នោត កោតប្រយោជន៍ ខ្លោចវិនាស
       យ៉ាប់បញ្ចៀស​ កៀសទុក្ខព្រួយ ជួយត្នោតស្លូត ខ្មូតពាធា
       កើនបក្សពួក វក់បំផ្លាញ ក្រាញមិនឈប់ ងប់តាមគ្នា
       ស៊ីភ្លេចគ្រា ជាចុងក្រោយ ឲ្យត្នោតងាប់ ជាប់អាត្មា។
លីម ចំរើន ២៨.១២.២០១២

Wednesday, December 12, 2012

នេះគឺរឿងខ្ញុំ




(បទបថ្យាវត្ត)
     ១.      ថ្ងៃច័ន្ទចារចែងថ្លែងចិត្តខ្លោចផ្សា                ព្រោះក្នុងគ្រួសារខ្ញុំឈ្លោះបងប្អូន
              កាប់ចាក់ជំទាលស្រែកដៀលម៉ែកូន          ហាក់ចង់ឲ្យសូន្យម៉ែស្លាប់វេទនា។
     ២.    កូនចៅតូចធំក្រមុំគ្រប់គ្នា                              ហិង្សាចិត្តមារទោសៈសន្ធៅ
              ផឹកស៊ីឈ្លោះទាស់ឡូឡាតាមផ្លូវ                  ភ្លេចអស់ខុសត្រូវម៉ែឃាត់មិនបាន។
     ៣.    ចង់កាប់សម្លាប់បងប្អូនរួមប្រាណ               សាងពៀររំខានដុតដួងចិត្តម្តាយ
              ដល់ក្រោយស្រវឹងទើបនឹកសោកស្តាយ     ឈឺសព្វគ្រប់កាយបងប្អូនគ្រប់គ្នា។
     ៤.     បងហើមដៃជើងព្រោះភ្លើងចិត្តមារ          ប្អូនស្រីគ្រាំគ្រាជំាភ្នែកហើមមុខ
              ឯម្តាយទួញសោកបៀមព្រួយលាក់ទុក       ស៊ូកុហក់ពុកបញ្ចប់បញ្ហា។
     ៥.     នេះគឺរឿងខ្ញុំកើតក្នុងគ្រួសារ                       ចិត្តឆេះព្រោះស្រាហិង្សាប្អូនបង
              តែងកាព្យឲ្យចាំហាមខុសញយដង             និងសូមផ្តាំផងកុំត្រាប់តាមខ្ញុំ។

០៣.១២.២០១២
លីម ចំរើន