Friday, December 28, 2012

ម្ទេសក្នុងផើង



(បទក្របចក្រវាឡ មេ១២ថ្មី)
        ១.     ម្ទេសក្នុងផើង ឡើងមិនរួច លួចតូចចិត្ត គិតម្នាក់ឯង
                កាយហាក់ស្តែង ថ្លែងសារស័ព្ទ ប្រាប់មកខ្ញុំ ធំទុក្ខព្រួយ
                ព្រោះរូបវា គ្រាឥលូវ ត្រូវអភ័ព្វ ជាប់ជាមួយ
                ត្រូវការជួយ ស្ទួយពីម្ចាស់ ផ្លាស់ទង្វើ ធ្វើមិនសម។
        ២.     ម្ទេសលម្អ ក៏ចង់បាន ប្រាណសាខា ផ្កាផ្លែដែរ
                មានម្ចាស់ថែ តែកុំល្បិច ក្តិចផ្កាត្រួយ ជួយបន្លំ
                ឲ្យម្ទេសទុក្ខ មុខឡើងស្លេក ដេកចំបែង​ ថ្លែងក្រៀមក្រំ
                ជួយមិនសម ខំបំផ្លាញ ក្រាញទង្វើ ធ្វើអប្រិយ។
        ៣.    សូមម្ចាស់ស្មោះ ដោះទម្លាប់ ធ្លាប់ឃោរឃៅ នៅចិត្តល្អ
                ចិត្តស្មោះស កករគ្មាន រៀនមេត្តា ត្រាប្រណី
                ទោះមនុស្ស,សត្វ ស្កាត់មកនៅ ត្រូវជួយថែ ស្នេហ៍គ្រប់វ័យ
                កុំអប្រិយ ភ័យគេល្អ តទៅមុខ ទុក្ខអាត្មា។
        ៤.     ម្ចាស់ត្រូវជួយ ស្ទួយម្ចេសផង សងទង្វើ ធ្វើសមរម្យ
                ឈប់កួនគុំ ជ្រុំមើលថែ ប្រែទម្លាប់ ធ្លាប់ឫស្សា
                ម្ទេសសងគុណ ធ្ងន់ផ្កាស្លឹក ញឹកគ្រប់មែក ជ្រែកផល្លា
                ម្ចាស់ទស្សនា ថ្លាអារម្មណ៍ ក្រំឃ្លាតឆ្ងាយ កាយមង្គល។

លីម ចំរើន ១០.១២.២០១២

No comments:

Post a Comment