Monday, October 22, 2012

ឆ្កែ និង មនុស្ស



(បទព្រហ្មគតិ)
.       ឆ្កែអើយឆ្កែសង្វិត                 ឆ្កួតព្រោះក្តិតគ្មានគិតអ្វី
        ហាក់ភ្លេចឃ្លានចំណី            កាយរីងរៃស្គមឃើញឆ្អឹង។
   ២.  ដេកត្រាំចាំផ្ទះញី                  ចិត្តវក់វីភ្នែកសម្លឹង
        ឆ្កែផ្សេងកាត់មុខខឹង             រត់ស្ទុះវឹងខាំកំចាយ។
   ៣. ឥតខ្វល់គ្រោះអាត្មា              ឈឺខ្លោចផ្សាទ្រោមរូបកាយ
        គិតម្យ៉ាងបានសប្បាយ          ចិត្តខ្វល់ខ្វាយឆ្កួតឆ្ងាញ់ក្តិត។
   ៤.  ថាចុះធម្មជាតិសត្វ               យ៉ាប់ទប់ស្កាត់គ្មានគំនិត
        តែមានមនុស្សខ្លះពិត            ឆ្កួតព្រោះក្តិតយ៉ាប់ជាងឆ្កែ។
   ៥.  ខ្លួនមនុស្សចិត្តតិរច្ឆាន           បណ្តោយប្រាណស្នេហ៍ប៉ោឡែ
        ស្រីប្រុសក្បត់ឪម៉ែ                សីលធម៌ប្រែបន្ថោកខ្លួន។
   ៦.  ជ្រើមជ្រួលឆ្កួតកាមា             លើសមាត្រាមិនសមសួន
        ខ្លះគ្រោះព្រោះភ្លេចខ្លួន         ខុសច្បាប់ក្បួនថោកជាងសត្វ។
   ៧.  គប្បីលើកតម្លៃ                     ឲ្យបានថ្លៃជៀសវិបត្តិ
        ជាមនុស្សមិនមែនសត្វ          ត្រូវទប់ស្កាត់កាមក្នុងចិត្ត។

លីម ចំរើន ២២.១០.២០១២

No comments:

Post a Comment