Sunday, October 7, 2012

ចោរក្នុងចិត្ត



(បទភុជង្គលីលា)ប្រស្នា
    ១.  ចោរក្នុងចិត្តពិតច្រើនក្រៃ           អាចកើនរាល់ថ្ងៃ                ឥតដៃឥតជើង។
    ២.  តែងប្លន់ក្តីសុខរូបយើង              បីដូចឱបភ្លើង                    ឬឈ្លើងបឺតឈាម។
    ៣.  បើភ្លេចខ្លួនមិនបានត្រៀម          វាហាក់អង្កៀម                   ឥតស្ងៀមស៊ីសុខ។
    ៤.  វានាំចិត្តកាយចាប់ចុក               រស់មិនស្រណុក                សម្រុកប្លន់ចិត្ត។
    ៥.  ភ្នែកភ្លឺហាក់ប្រែងងឹត                ចោរនោះហាក់បិទ             នៅជិតគ្រប់គ្រា។
    ៦.  បំផ្លាញក្តីសុខគ្រប់គ្នា                បើមិនស្ទុះស្ទា                   ការពារទប់ស្កាត់។
    ៧.  ខ្លះកាយមនុស្សចិត្តសត្វ            វិជ្ជាបង់បាត់                      ខ្យល់ផាត់ទៅឆ្ងាយ។
    ៨.  ចោរនោះគឺអ្វីសូមស្រាយ           ប្រាប់ន័យក្បោះក្បាយ         កកាយប្រាប់ផង។
    ៩.  ខ្ញុំសួរអ្នកអានឆ្លើយសង            កុំបីសៅហ្មង                     សុំល្បងគំនិត។
    ១០.ចោរនោះជាក់នៅក្នុងចិត្ត           ដូចពាក្យទោសពិត             ជាប់ស្អិតផ្សំអៈ។
    ១១.ទើបស្តែងរូបអបលក្ខណ៍           ជួនឈ្លោះកាប់ចាក់            ដល់ថ្នាក់ជួបភ័យ។
    ១២.ធៀបចោរក្នុងចិត្តពួនឆី             ចាំប្លន់សុខី                       ប្រុសស្រីគ្រប់ប្រាណ។
    ១៣.ចំណោទងាយមិនយ៉ាប់ស្មាន     ចោរនោះស្តែងប្រាណ         ឆ្លើយបានរហ័ស។
    ១៤.មិនថាក្មេងមិនថាចាស់              តែងជួបច្រើនណាស់          ចិត្តប៉ះរាល់ថ្ងៃ។
    ១៥.បើមិនស្គាល់ចោរចង្រៃ              ពិតគួរឲ្យវ៉ៃ                       មួយដៃចំមាត់។
    ១៦.ព្រោះប្រាប់អស់ហើយឆ្លើយភ្លាត់ ឬគួរឲ្យទាត់                      កុំឃាត់បីជើង។
    ១៧.ដូចនេះចង់សុខត្រូវយើង          ចាប់ចោរចិត្តភ្លើង               ឬឈ្លើងបឺតឈាម។
    ១៨.បោះបង់ឲ្យឆ្ងាយកុំស្ងៀម           ត្រូវប្រុងចិត្តត្រៀម              សង្រ្គាមតាំងចិត្ត។
    ១៩.យកប៉ូលីសមួយខ្លាំងពិត           មកការពារចិត្ត                   ជាក់ពិតខន្តី។
    ២០.ផ្តល់តែមង្គលនិងសិរី                ក្មេងចាស់គ្រប់វ័យ              គប្បីរក្សា។

លីម ចំរើន ២៣.០៩.២០១២

No comments:

Post a Comment