Thursday, October 11, 2012

នឿយមុនសុខក្រោយ


(បទបថ្យាវត្ត)

    .    នឿយមុនសុខក្រោយសម្បតិ្តហូរហៀរ      លត់ដំគ្រប់គ្រាចេះចាយត្បិតត្បៀត
           មិនចាយខ្ជះខ្ជាយធ្វើឫកចោលម្សៀត        ខូចបង់មារយាទខ្វះមុខខ្វះក្រោយ។
    ២.    ដល់ឃើញគេមានទ្រព្យធនសុខសោយ     ទើបភ្ញាក់ស្តាយក្រោយជួនហួសវេលា
           មិនសន្សំទ្រព្យតាំងពីរយូរយារ                 ដល់ចាស់ជរាគ្មានទ្រព្យនៅសល់។
    ៣.    អ្នកខ្លះកូនច្រើនរឹតលំបាកខ្វល់                 គ្មាមកេរទ្រព្យផ្តល់ក្រខ្សត់ដល់ចៅ
           ព្រៀងលានសើចដៀលក្រព្រោះល្ងង់ខ្លៅ   ស្តាប់ឮចិត្តក្តីមិនសូវបានសុខ។
    ៤.    ដូចនេះទ្រព្យកើនផ្ទះធំស្រណុក               ហេតុព្រោះសម្រុករកទ្រព្យពីក្មេង
            កំលាំងនៅពេញមិនវក់ដើរលេង               វិលវល់វង្វេងចាយទ្រព្យខ្ជះខ្ជាយ។
    ៥.    ព្យាយាមសន្សំឧស្សាហ៍ជាប់ស្ពាយ           ចិត្តមិនរាយមាយការងារច្បាស់លាស់
           ដូចដាំកូនឈើប្រឹងថែកាប់គាស់               ចិត្តខ្ជិលហាមលាស់អប់រំអាត្មា។
    ៦.    លុយកាក់មាសប្រាក់កើតចេញផ្លែផ្កា         កាយចិត្តសុខាសម្បូរណ៍សប្បាយ
           តពូជវង្សផៅលើកយសពុកម្តាយ             ទ្រព្យកេរចែកចាយកូនចៅគ្រប់ប្រាណ។
    ៧.    ឆ្ងាយពាក្យនិន្ទាដៀលគ្រប់មជ្ឈដ្ឋាន          ឈ្មោះល្បីសព្វឋានអ្នកផងស្រលាញ់
           នាំលាភមកឲ្យចេញចូលត្របាញ់             ឆ្ងាយចិត្តកំណាញ់សោយចិត្តមង្គល។

លីម ចំរើន  ១២.១០.១២

No comments:

Post a Comment