(បទព្រហ្មគតិ)
១. ទំនួញប្រេតហែកលោក រសាត់មកចូលតាមសោតា
ហាក់ដាស់អស់ខេមរា ពុទ្ធសាសនាត្រូវទៅវត្ត។
២. មិនត្រូវភ្លេចសញ្ចឹង ធ្វើមិនដឹងល្ងិតល្ងង់ភ្លាត់
ភ្ជុំបិណ្ឌត្រូវទៅវត្ត ហាមតមាត់ធ្វើព្រងើយ។
៣. កូនចៅត្រូវតបគុណ ក្រែងទុក្ខធ្ងន់ព្រោះធ្វើពើយ
ដូនតាមិនព្រងើយ កូនចៅឈ្លើយលោកផ្តាសា។
៤. ព្រោះពេល១៥ថ្ងៃ ពិតតម្លៃហួសឧបមា
គ្រប់ប្រេតតែងប្រាថ្នា ល្បើយទុក្ខាដោយមគ្គផល។
៥. កូនចៅធ្វើបុណ្យទាន សទ្ធាមានចិត្តខ្វាយខ្វល់
ឧទ្ទិសបុណ្យកុសល បញ្ជូនផ្តល់ដល់ពូកគាត់។
៦. ដែលរងទុក្ខរយឆ្នាំ ព្រោះតែកម្មដែលខុសភ្លាត់
ចិញ្ចឹមកូនធំធាត់ ស៊ីគ្រប់មាត់ធ្វើគ្រប់យ៉ាង។
៧. រឿងអាក្រក់រឿងល្អ ធ្វើបន្តប្រព្រឹត្តអាង
ចុងក្រោយគ្មានសំណាង កម្មពៀរសាងកើតជាប្រេត។
៨. ដើររកប្រាំពីរវត្ត កូនចៅគាត់ព្រោះចង់ឆ្អែត
បុណ្យបាបពិតមានហេតុ កើតជាប្រេតព្រោះកូនចៅ។
៩. សូមអស់កូនចៅក្រោយ ស្តាប់បានហើយឈប់ល្ងង់ខ្លៅ
ធ្វើបុណ្យកុំចិត្តក្តៅ ទើបគេហៅកូនដឹងគុណ។
១០. ដូនតាពិតជូនពរ ចិត្តសាទរស្បើយទុក្ខធ្ងន់
កូនចៅកើនទ្រព្យធន ហួសបូកគុណសោយមង្គល។
លីម ចំរើន ០៧.១០.២០១២
No comments:
Post a Comment