(បទព្រហ្មគតិ)
១. ក្បួនយកឈ្នះចិត្តខឹង កូនត្រូវដឹងគឺខន្តី
កាន់បានពិតសិរី គ្មានគ្រោះភ័យដល់អាត្មា។
២. មានរឿងកូនត្រូវគិត ប្រើគំនិតដោយបញ្ញា
រកប្រភពបញ្ហា ដោះផ្លូវណាទើបកូនឈ្នះ។
៣. មិនមែនឈ្នះដោយច្បាំង អាងកំលាំងក្បត់ធម៌ព្រះ
ឈ្លោះទាស់យកចាញ់ឈ្នះ គួររលះបោះបង់ឆ្ងាយ។
៤. កូនពិតអាចឈ្នះគេ តែមាសមេអាចសោកស្តាយ
ព្រោះមិនឈ្នះចិត្តកាយ ពិតខ្វល់ខ្វាយផលផ្តល់ឲ្យ។
៥. ចិត្តកូនពិតមិនស្ងប់ អាចធៀបឡប់ដែលបណ្តោយ
ឲ្យខឹងដឹកមុខហើយ ផលខាងក្រោយអាចរងទុក្ខ។
៦. ឈ្នះគេផងទាំងឡាយ កុំសប្បាយត្រូវចាំទុក
គង់ចាញ់នៅថ្ងៃមុខ សោយសោកទុក្ខជាក់មិនខាន។
៧. ឈ្នះដែលមិនចេះចាញ់ កូនសម្លាញ់គ្រប់ៗប្រាណ
គឺឈ្នះចិត្តកល្យាណ ខន្តីបានពិតមង្គល។
លីម ចំរើន ០៥.១០.២០១២
No comments:
Post a Comment