Saturday, March 31, 2012

ឆីណាស់ឃ្លានណាស់

បទពាក្យ៨

     ១.  តន្រ្តីប្រគុំរងំដួងចិត្ត                                     កៀកកើយនែបនិត្យជិតជាប់ស្រីក្មេង
          លូកលេងប្រឡែងដូចពុលបទភ្លេង                 អារម្មណ៍ចិត្តវង្វេងហាក់អស្ចារ្យ។
     ២. ពួកប្រុសព្រានអាងប្រាក់ដាក់សម្ញែង              អួតស្រីក្មេងថ្លែងស្តែងឫទ្ធជេស្តា
          អាងប្រាក់រកងាយស្ពាយសុទ្ធដុល្លារ                ស្រីក្មេងស្រវាខ្វា.កបងកាយ។
     ៣. ខា.រ៉ា.អូ.ខេ បំពេរអារម្មណ៍                            បំបាត់ក្រៀមក្រំខំសើចសប្បាយ
          មាត់ប្រឹងស្រែកច្រៀងភ្នែកដៀងឆោមឆាយ      ចាយលុយភ្លេចស្តាយកាយភ្លេចភិតភ័យ។
     ៤.  ស្អែកឡើងផ្តើមព្រួយរំជួយដួងចិត្ត                  អ្នកខ្លះផ្តើមគេងគិតតើបានអ្វី?
          សុខក៏ឃ្លាតបាត់ស្ងាត់តាមរូបស្រី                   សោយសុខឥតន័យឆីណាស់ឃ្លានណាស់។
       
លីម ចំរើន ៣០.០៣.២០១២

ស្នេហាប្រុសស្រី

បទបថ្យាវត្ត

    ១. ស្នេហាប្រុសស្រីចំណីទុក្ខសោក              ប្រុសស្នេហ៍ស្រីបោកគេថាប្រុសព្រាន
        ពេលប្រុសរងទុក្ខសមមុខមេរៀន              ឯស្រីចិត្តហ៊ានគេថាខុសធ្ងន់។
    ២. ស្រីស្រស់ស្រើបស្រាលត្រអាលកាមគុណ វាចាទន់ភ្លន់ជាមន្តពិសពុល
        ពង្វក់គ្រប់ប្រុសខូចខុសយ៉ាប់យល់           ស្រីជាដើមគល់ចំណោទបញ្ហា។
    ៣. បើប្រុសវង្វេងឆ្កួតល្បែងស្នេហា                ពិតសោយសោកាចិន្តាខ្លោចពិត
        ដុះតែកាមគុណរែកពន់ជាប់ស្អិត              ដើរគិតដេកគិតខ្វះក្តីសុខសាន្ត។
    ៤. នេះគឺការពិតប្រឌិតមិនបាន                    ប្រុសស្រីសព្វឋានតែងជួបគ្រប់គ្នា
        ស្នេហានេះសោតបញ្ឆោតគ្រប់គ្រា            បើប្រឹងឆីវាវេទនាពេលក្រោយ។                     


លីម ចំរើន
៣០.០៣.២០១២

អំណាចប្រាក់

 (បទក្របចក្រវាឡ មេពាក្យ១២ថ្មី)
                   ១.​​​​​      អំណាចប្រាក់ ដាក់ស្នេហ៍មនុស្ស ជុះមិនចេញ ដេញមិនឆ្ងាយ
                             ខ្លះខ្វល់ខ្វាយ កាយមិនស្ងៀម ត្រៀមល្បិចស្នៀត ឆ្លៀតពេលខ្សត់
                             ស៊ីសំណូក សូកចំណេញ ចេញចំនួន ក្បួនកំណត់
                             ប្រាក់ឲ្យបត់ ក្បត់គ្នីគ្នា ជាប្រចាំ កម្មមិនខ្លាច។
                   ២.      អំណាចប្រាក់ ស្មគ្រ័អ្នកមាន ឃ្លានអ្នកក្រ ត្រដរខ្យល់
                             អ្នកខ្សត់ខ្វល់ ឆ្ងល់ចង់មាន ហ៊ានដូនយក្ស លាក់ចិត្តកាច
                             ធ្វើគ្រប់យ៉ាង កាងពាលា កៀរប្រយោជន៍ ខ្មោចក៏ខ្លាច
                             ស្តែងឫទ្ធសាច បាចល្បិចប៉ិន មិនខ្លាចគ្រោះ ព្រោះតែប្រាក់។

នៅៈ ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១២ (ម៉ោងៈ ២១ៈ២០នាទី យប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣

Friday, March 16, 2012

សំណោកគ្រឹះក្រោមអគារ

បទភុជង្គលីលា
     ១.  សំណោកគ្រឹះក្រោមអគារ                    យ៉ាប់យ៉ើនគ្រប់គ្រា     គ្រប់គ្នាជួយផង។
     ២.  គ្រឹះខ្ញុំធ្ងន់កាយកន្លង                           តែផលតបស្នង     ហាក់សងមិនស្មើ។
     ៣. អគារស្អាតគេសរសើរ                         សប្បាយជួល,ប្រើ     គ្រាន់បើអគារ។
     ៤.  ឯគ្រឹះក្រោមខ្ញុំវេទនា                           តវ៉ាទាមទារ     គ្រប់គ្រាបានអ្វី?
     ៥.  ត្បិតម្ចាស់អគារប្រុសស្រី                     ស្តាប់មិនយល់ន័យ     មិនភ័យគ្រឹះក្រោម។
     ៦.  ប្រឹងតែងអគារអួតឆោម                       ឯគ្រឹះហិតផោម     ខាងក្រោមខ្លោចចិត្ត។
     ៧. អគារស្រស់ស្អាតប្រណិត                    អ្នកផងឆ្ងាយជិត     ស្នេហ៍ស្និទ្ធបំផុត។
     ៨.  ពេលអគាររលំស្រុត                           បែរភ័យតក់ស្លុត     សម្លត់ជេរគ្រឹះ។
     ៩.  ឡូឡាទាំងទទឹងទិស                          វាចាដូចពិស     ដៀលគ្រឹះមិនល្អ។
     ១០.មិនគិតហេតុផលខ្មៅ,ស                     តើគ្រឹះមិនល្អ     ឬក៏ព្រោះជាង។

លីម ចំរើន​
១៤.០៣.២០១២

តើរូបខ្ញុំចង់បានអ្វី?

បទភុជង្គលីលា
     ១.    តើរូបខ្ញុំចង់បានអ្វី?                                    សូមជួយរកន័យ     ប្រណីប្រាប់ផង។
     ២.    ដួងចិត្តខ្ញុំសែនសៅហ្មង                             ព្រួយសោកទ្វេដង     ចំណងរួមរឹត។
     ៣.    ដូចមេឃប្រែផ្លាស់ងងឹត                             ពពកខ្មៅជិត     បាំងបិតសូរិយា។
     ៤.    ជីវិតគ្រួសារនេះណា                                  តើគេត្រូវការ     ប្រាថ្នារកអ្វី? ។
     ៥.    ត្រូវការបុណ្យសក្ក័ផ្ទះ,ប្តី                             លុយកាក់ស្រាស្រី     ឬស្អីប្រាកដ? ។                                              
     ៦.    ដូចមិនត្រូវតាមកំណត់                               នាំខ្ញុំជូរចត់     ប្រាកដនោះទេ។
     ៧.    អ្វីខ្ញុំចង់បានជាងគេ?                                 គេងគិតគ្នាន់គ្នេរ     គ្រប់ពេលដង្ហើយ។
     ៨.    ដូចស៊ីបាត់ស្រៈលើហើយ                          ភផ្សំមឆ្លើយ     ងកើយគចាំ។
     ៩.    ពួកគេហៅលមកផ្តាំ                                  ថាខ្ញុំរងកម្ម     ចាំថ្នាំផ្សំគ្នា។
     ១០.  ពាក្យនេះនាំឲ្យខ្ញុំជា                                   ទើបប្រឹងស្ទុះស្ទា     គ្រប់គ្រាខ្ញុំហៅ។
     ១១.  សូមឲ្យខ្ញុំឆ្លាតឈប់ខ្លៅ                              ដួងចិត្តសោកសៅ     ឈប់ក្តៅ,ត្រជាក់។
     ១២.  មេត្តាអ្នកអានបញ្ចាក់                                 ឆ្លើយពាក្យខ្ញុំលាក់     ថាជាក់គឺអ្វី? ។







១៦.០៣.២០១២​​ លីម ចំរើន

Friday, March 9, 2012

ស្រណោះសត្វជីងចក់

(បទព្រហ្មគីតិ)
          ១.      ស្រណោះសត្វជីងចក់                            ភ្នែកសម្លក់ប្រឹងសម្លឹង
                   ធ្វើពើយហាក់លួចខឹង                             ក្នុងចិត្តនឹងគិតបែបណា។
          ២.      ឃើញខ្ញុំធ្វើអ្វីខ្លះ?                                   កុំផ្តេសផ្តាស់ចង់តវ៉ា
                   ឯងគឺសត្វទេណា                                   ក្រែងលោថាក្ស័យជីវី។
          ៣.      បើឆ្លាតត្រូវកុំមាត់                                   រៀនឲ្យស្ទាត់តាមនាទី
                   ត្រូវសរសើរសំភី                                    ទើបបានស៊ីអញឲ្យខ្លះ។
          ៤.      កុំហ៊ានហក់ប្រឆាំង                                ក្រែងត្រូវខ្លាំងទ្រោមខ្លួនច្បាស់
                   ត្រូវរស់ដូចអ្នកខ្លះ                                  ក្រែងដល់ចាស់រស់សុខសាន្ត។

នៅៈ ថ្ងៃពុធទី០៨ ខែមីនា ឆ្នាំ២០១២ (ម៉ោងៈ ១៦ៈ៥០នាទី រសៀល)

លុយនិងសុភមង្គល

(បទភុជង្គលីលា)
         
          ១.  លុយនិងសុភមង្គល                 គួរតែស្វែងយល់                 ឫសគល់បញ្ហា។
          ២. តើយកលុយឬគ្រួសារ?             ព្រោះពេលខ្លះណា              តវ៉ាមិនបាន។
          ៣. មានមួយបាត់មួយមិនខាន        មិនងាយគាប់ប្រាណ           ហួសស្មានទាយត្រូវ។
          ៤.  ខ្លះប្រឹងធ្វើរឿងអាស្រូវ              គិតសព្វគ្រប់ផ្លូវ                  លុយនៅចិត្តខ្វល់។
          ៥.  សុភមង្គលគ្មានផ្តល់                 គ្រួសារច្របល់                   សុខសល់គ្មានឡើយ។
          ៦.  ប្រពន្ធ,ប្តីឈ្លោះឥតស្បើយ        កូនចៅមុនក្រោយ              ផលឲ្យយំយែក។
          ៧. ដូចរៀនសូត្រមិនបែកមែក        ចុងក្រោយទឹកភ្នែក             ពុះជ្រែកផែនថ្ពាល់។
          ៨.  សុភមង្គលលែងស្គាល់             ស្នេហ៍លុយភ្លេចធម៌            ញ៉ាមពាល់ក្រោយព្រួយ។
          ៩.  នេះគ្រាន់គំនិតជំនួយ               គ្រាន់ដាស់តឿនជួយ           លើកស្ទួយទឹកចិត្ត។
          ១០.កុំឲ្យមង្គលងងឹត                     ព្រោះលុយបាំងបិទ             ជាក់ពិតស្តាយក្រោយ។
          ១១.ឆ្កួតតែសប្បាយសែបសោយ     លុយពង្វក់ហើយ                ផ្តល់ឲ្យអាប់យស។
          ១២.អាចបាក់បែកគ្រួសារគ្រោះ       ដូចស្លាប់ទាំងរស់                ធ្លាក់ជ្រោះអវចី។                

នៅៈ ថ្ងៃពុធទី០៨ ខែមីនា ឆ្នាំ២០១២ (ម៉ោងៈ ១៦ៈ២០នាទី រសៀល)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣