Friday, May 25, 2012

គុណព្រះរស់

បទបថ្យាវត្ត
     ១.  យំខ្សឹកយំខ្សួលយំរំជួលអង្គ                               អង្គុយមិនត្រង់ឈរក៏មិនស្ងៀម
          អារម្មណ៍ភិតភ័យព្រួយដំណក់ឈាម                   កុំពុងទំបៀមក្នុងផ្ទែមាតា។
     ២. សំលេងស្រែកថ្ងូរសូរសែនអនិច្ចា                        ម្តាយខ្លះឈឺផ្សាព្រោះឈឺចាប់ផ្ទៃ
          មិនថាលោកពុកតាយាយក៏ភ័យ                         បន់អស់មេឃដីយមរាជហាមឆក់។
     ៣. ដង្ហើមខ្សត់ខ្សោយដង្ហើយដង្ហក់                          ភ្នែកសស្លើសស្លក់ឈឺសព្វកាយា
          អារម្មណ៍ក្តុកក្តួលរំជួលចិន្តា                               បន់អស់ដូនតាទេព្តាសព្វឋាន។
     ៤.  សូមជួយម្តាយកូនជួបតែសុខសាន្ត                      ផុតគ្រោះពីរប្រាណជួបតែសិរី
          ឈ្នះអស់កម្មកាចកំណាចអប្រិយ៍                        ឆ្លងផុតទុក្ខភ័យជួបតែសប្បាយ។
     ៥.  នេះគឺរឿងពិតជីវិតអ្នកម្តាយ                               មានកូនគ្រប់កាយពេលឆ្លងទន្លេ
          ពិតសែនលំបាកមិនងាយស្រួលទេ                      កូនគួរគ្នាន់គ្នេរតបគុណព្រះរស់។
     ៦.  មិនថាអ្នកម្តាយពុកក៏យ៉ាប់ហួស                         បីបមថ្នមពោះនឿយហត់ឥតល្ហែ
          ច្របាច់ដៃជើងលើកគ្រាមើលថែ                         ឪហើយនិងម៉ែមានគុណធំក្រៃ។
     ៧. គុណលោកទាំងពីរធំហួសវិស័យ                        មិនអាចកាត់ថ្លៃបូកគុណដឹងបាន
          តម្រូវកូនៗប្រុសស្រីគ្រប់ប្រាណ                         សង់គុណឲ្យបានទាន់លោកនៅរស់។
     ៨.  កុំទាល់លោកស្លាប់នាំគ្នាយំគោះ                         តែលោកស្លាប់ហួសមិនត្រឡប់ឡើយ
          ទើបផ្តើមសោយសោកស្រណោះយំក្រោយ          ពិតគ្មានផលឲ្យត្រឹមស្តាយលុះក្ស័យ។
         
   នៅៈថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ (ម៉ោងៈ ១៦ៈ៤៥ នាទីថ្ងៃល្ងាច)
Tel: ០១២ ៥១៩ ១៣៧/០១០ ៧៣០ ០៨៣

No comments:

Post a Comment