(បទបថ្យាវត្ត)
១. ចិត្តលោភល្មោភជ្រើមហាក់ខ្ពើមក្តីសុខ កាមរាគអុកឡុកគិតរឿងឥតន័យ
មានគ្រួសារហើយនៅឡើយលួចឆី ស្រីមួយពីរបីហាក់មិនស្ងប់ចិត្ត។
២. ឬមួយរូបខ្ញុំទុក្ខព្រោះតែក្តិត កាមគុណជាប់ស្អិតខ្ញុំស្រាយមិនបាន
មានប្រពន្ធកូនមិនផ្តល់សុខសាន្ត បែរប្រឹងរុញច្រានឲ្យសោយទឹកភ្នែក។
៣. បីដូចជាឃ្មុំទ្រនំបាក់មែក ញាតិមិត្រយំយែកកូនចៅវេទនា
គ្រួសារសុខុមហាក់ត្រូវកំព្រារ រស់រងរងាក៏ព្រោះខ្លួនឯង។
៤. នេះហើយឫកខ្ញុំចិត្តធំជាក់ស្តែង ហ៊ានមកលេងល្បែងបំផ្លាញគ្រួសារ
ជាប្រុសចិត្តព្រានស្តែងឫកសាវា បីដូចសត្វឆ្មាល្បិចលាក់ក្រចក។
៥. ឬធៀបរូបខ្ញុំបីដូចជាចក ដែលអណ្តែតខកចាកឆ្ងាយផុតច្រាំង
ខ្លួនឯងខ្សោយទេតែចិត្តហាក់ខ្លាំង ចង់ល្បងកំលាំងតតាំងល្បែងស្នេហ៍។
៦. ដឹងខុសការពិតតែមិនព្រមកែ ឬចង់ប៉ោឡែដល់ក្ស័យសង្ខារ
ទើបខ្លួនអស់ចិត្តចាញ់ល្បែងស្នេហា ដែលក្នុងលោកាមិនងាយអ្នកឈ្នះ។
៧. តើពេលណាទៅទើបខ្ញុំប្រឹងលះ ដុសលាងឲ្យជ្រះកំអែលសាវា
ដែលលាក់ក្នុងចិត្តក្រាស់ក្តាំងអស្ចារ្យ ឈប់ឆ្កួតស្នេហាគ្រួសារសុខសាន្ត។
៨. ឱ!ប្រពន្ធអើយនិងកូនពីរប្រាណ សង្សារកណ្យាណបងពិតខុសក្រៃ
បើបោះចោលមួយមួយពិតអាល័យ ឬមានតែក្ស័យទើបខ្ញុំផុតទុក្ខ។
៩. បើធ្វើបែបនេះដូចមិនសមមុខ ក្នុងនាមឪពុកជាមេគ្រួសារ
មានតែលះចិត្តកាត់ពីសង្ខារ ចាំសាងស្នេហានៅជាតិក្រោយវិញ។
១០.ទាល់ធ្វើដូចនេះទើបផុតទុក្ខម្នេញ ដែលនៅទួកទេញបំផ្លាញអារម្មណ៍
បើចិត្តមិនដាច់ពិតនៅតែក្រំ ទោះសមមិនសមខ្ញុំត្រូវឈប់ខុស។
លីម ចំរើន
ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១២(ម៉ោងៈ ២ៈ១០នាទីព្រឹក)
No comments:
Post a Comment