Sunday, October 7, 2012

ស្រីនិងបុផ្ផា


បទបថ្យាវត្ត
      .   បុផ្ផាស្រស់ស្អាតព្រោះរូបខាងក្រៅ                                     បីដូចស្រីខ្លៅប្រឹងតែងរូបកាយ
            មិនប្រឹងតែងចិត្តតម្លៃវែងឆ្ងាយ                                           អួតរូបសប្បាយសម្ញែងខាងក្រៅ។
      ផ្កាខ្លះស្អាតតែលម្អងសោកសៅ                                         លម្អងនាំក្តៅខុសឆ្ងាយសម្រស់
            រូបមិនឋិតឋេរគង់ស្រពោនអស់                                          លម្អងចិត្តស្មោះស្ម័គ្រមិនប្រួលប្រែ។
      ៣​ផ្កាខ្លះអាក្រក់លម្អងពេញស្នេហ៍                                         កន្លងតាមញ៉ែក្រេបមិនជិនណាយ
            ទឹកដមផ្អែមឈ្ងុយរុយឃ្មុំសប្បាយ                                      តម្លៃវែងឆ្ងាយភូមរាស្រណោះ។
      .   បីដូចស្រីខ្លះមិនគួរស្នេហ៍សោះ                                          មិនគួរស្រណោះរូបកាយអប្រិយ
            តែខ្លឹមដួងចិត្តមារយាទប្រពៃ                                             ប្រុសបានថ្នមស្រីសំណាងអស្ចារ្យ។
      .   ដូចនេះស្រីៗហើយនិងបុផ្ផា                                              ភូមរាប្រាថ្នាស្ថិតលើលម្អង
            ដូចប្រុសប្រាថ្នាខ្លឹមចិត្តនួនល្អង                                          ទោះក្រេបរយដងចាំលុះអវសាន្ត។

នៅៈថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១២ (ម៉ោងៈ ១២ៈ៤៥ នាទីថ្ងៃ)

ខឹងខ្លាំងខន្តី



បទបថ្យាវត្ត
      .   កូនអើយខឹងខ្លាំងសូមតាំងចិត្តទៅ                                      កុំឲ្យធ្លាក់ជ្រៅខុសព្រោះកូនខឹង
            ត្រូវកាន់ខន្តីតាំងចិត្តឲ្យហ្នឹង                                               ទើបកូនប្រលឹងកូនអស់បញ្ហា។
      បើកូនមិនស្តាប់ពិតយ៉ាប់ហើយណា                                   អាចកើតហិង្សាចិន្តាវង្វេង
            ទោះបីកូនចាស់អាចថោកជាងក្មេង                                    ចិត្តភ្លើងអ្នកលេងអាប់ឥតវិជ្ជា។
      ប្រាថ្នាតែម្យ៉ាងយកចាញ់ឈ្នះគ្នា                                        ចុងក្រោយប្រែជាកើតទុក្ខស្តាយក្រោយ
            ព្រោះតែទង្វើជ្រុលហួសទៅហើយ                                     គ្មានអ្វីផ្តល់ឲ្យត្រឹមការសោកស្តាយ។
      .   កូនអើយខឹងខ្លាំងដូចមេឃប្រែកាយ                                   ខ្មៅសព្វជិតឆ្ងាយងងឹតអំពល់
            បើខន្តីបានក្រោយភ្លៀងអាចយល់                                      ភ្លឺច្បាស់និមលស្រស់ថ្លាដួងចិត្ត។
      .   កូនអើយប៉ិនខឹងគ្មានញាតិស្នេហ៍ស្និទ្ធ                                 អ្នកផងឆ្ងាយជិតគេមិនប្រាថ្នា
            បើតាំងចិត្តស្ងប់ខន្តីវិញណា                                               ឈ្នះអស់បញ្ហាផ្តល់តែមង្គល។
លីម ចំរើន

កុំអស់សង្ឃឹម



(បទកាកគតិ)​
      ១.   កុំអស់សង្ឃឹម           ត្រូវតែញញឹម                 រង់ចាំស្អែកថ្មី
             បញ្ហាភ័យខ្លាច         គឺអាចគ្មានន័យ              ប្រែមកសិរី
                                         ព្រោះការតាំងចិត្ត។
     ២.     បើចិត្តទន់ជ្រាយ       អាចគេមើលងាយ           អន់ថយជីវិត
             មង្គលឃ្លាតឆ្ងាយ      អន្តរាយជាក់ពិត             ត្រូវរឹងមាំចិត្ត
                                         ជីវិតដល់ត្រើយ។
     ៣.    ពិតគ្មានឧបសគ្គ       អាចចាប់ចងចាក់            ដាក់ចិត្តជាប់ឡើយ
             បើចិត្តរឹងមំា             ស៊ូទ្រាំមុនក្រោយ            ផលអាចផ្តល់ឲ្យ
                                         សមដូចប្រាថ្នា។   
លីម ចំរើន ១៩.០៩.២០១២ 

យ៉ាប់ក្រៃគឺចិត្ត



(បទពាក្យ៤)​ របៀបទី២
     ១. ពិតដូចមិនពិត              ងងឹតដូចភ្លឺ
          ខ្ញុំជាហាក់ឈឺ               ខ្ញុំឮហាក់ថ្លង់។
    ២.  ស្រលាញ់ហាក់ស្អប់      បញ្ចប់មិនចង់
          ឈើវៀតហាក់ត្រង់       បោះបង់ចង់បាន។
    ៣.  មាត់សើចសប្បាយ       ស្តែងកាយសុខសាន្ត
          ស្រមោលទុក្ខបាន        រំខានពេកក្រៃ។
    ៤.  មិននឹកដូចនឹក              យប់ព្រឹករាល់ថ្ងៃ
          ព្រាត់ស្នេហ៍អាល័យ      យ៉ាប់ក្រៃគឺចិត្ត។
         
លីម ចំរើន ១៩.០៩.២០១២ 

ប្រពន្ធពាងប្តីប៉ោត



(បទព្រហ្មគីតិ)
     ១.  ប្រពន្ធពាងប្តីប៉ោត             ឆ្លាត.ល្ងង់ឆោតច្រើនគូគ្នា
           ពាងល្អទឹកគង់ហៀរ           ប៉ោតល្អជាធៀបមនុស្ស។
    ២.   ប៉ោតធ្លុះប្រពៃជាង             បើបានពាងមិនធា្លយធ្លុះ
           ទឹកគង់មិនរលុះ                ព្រោះពាងនោះគ្រប់គ្រងទឹក។
    ៣.   តែបើពាងធ្លុះវិញ               ពិតទុក្ខម្នេញខ្វល់ល្ងាចព្រឹក
           ប៉ោតល្អខំដងទឹក              ច្រើនសន្ធឹងទឹកមិនគង់។
    ៤.    ដូចគ្នាប្រពន្ធប្តី                  មានសិរីរស់យូរលង់
           ទោះប្តីឆោតល្ងិតល្ងង់         ទ្រព្យច្រើនគង់ព្រោះប្រពន្ធ។
    ៥.    ដូចសុភាសិតខ្មែរ              ចារហូរហែច្រើនពេកពន់
           ប្តីថ្កើងព្រោះប្រពន្ធ             ឯទុក្ខធ្ងន់ក៏ព្រោះស្រី។   

លីម ចំរើន ១៩.០៩.២០១២ (ម៉ោង ៥ៈ២០នាទីព្រឹក)

លាមក



(បទព្រហ្មគីតិ)
    ១.  លាមកគេថាស្អុយ             ឯសត្វរុយវាថាឆ្ងាញ់
           មនុស្សមិនស្រលាញ់         រុយត្របាញ់ហើរមកលិឍ។
     ២.  លាមកច្រើនបែបណាស់    មិនស្គាល់ម្ចាស់ទោះឆ្ងាយជិត
           រុយស៊ីមិនខ្ពើមស្និទ្ធ            ខ្មៅ.សពិតក្តិតគេជុះ។
     ៣. រុយហ៊ានធ្វើគ្រប់យ៉ាង        ទោះមានកាងដោយមនុស្ស
           រុយពិតខ្លាំងដូចមូស           ប្រើល្បិចលុះត្រាបានឆី។
     ៤.  លាមកពិតអស្ចារ្យ             រុយត្រូវការស៊ីគ្រប់វ័យ
           មិនថាញី.ឈ្មោលក្តី           រុយបេត្តីតែងប្រាថ្នា។
     ៥.  លាមកអាចធៀបលុយ       ហាក់ឆ្ងាញ់ឈ្ងុយគេស្នេហា
           ឃ្លានឆីគ្រប់អាត្មា              មនុស្សឫស្យាធៀបដូចរុយ។

លីម ចំរើន   ១៨.០៩.២០១២

សុខគ្រហែតភ្លែតរសាត់



(បទភុជង្គលីលា)
       ១.    សុខគ្រហែតភ្លែតរសាត់                    ហាក់ដូចខ្យល់ផាត់             រសាត់ទៅឆ្ងាយ។
       ២.   មិនគួរប្រុសស្រីខ្វល់ខ្វាយ                 ខ្លះឆ្កួតសប្បាយ                  វក់កាយឃ្លានឆី?
       ៣.   តើដឹងឬមិនដឹងអី?                             សុខហាក់គ្មានន័យ             គ្មានអ្វីទាំងអស់។
       ៤.    មិនគួរឡើយឲ្យស្រណោះ                 ចាប់មិនបានសោះ              គួរដោះណាយគេច។
       ៥.    កុំឆ្ងាញ់ខ្លាំងអាចលង់លិច                  បើសប្បាយភ្លេច                 ចិត្តធ្មេចមិនភ្លឺ។
       ៦.    ស៊ីណាស់ឃ្លានណាស់អាចឈឺ         កាយ.ចិត្តជំងឺ                      គួរព្រឺគួរខ្លាច។
       ៧.   វាគ្មានរូបរាងតែកាច                          តែងលងបន្លាច                   អង់អាចជាងមនុស្ស។
       ៨.    ស៊ីច្រើនកើនទុក្ខយ៉ាប់ជុះ                  ឬលាងជំរុះ                         ឡាទ្រូសតាំងចិត្ត។
       ៩.    ស្វែងយល់សិក្សាពិនិត្យ                    ដោយគតិពិត                      ជីវិតមង្គល។
       ១០. បើមិនគិតស្និទ្ធរវល់                           ពិតផ្តល់អំពល់                    ឲ្យយល់មិនខាន។
       ១១.ជីវិតមិនសូវសុខសាន្ត                        វាតែងរំខាន                        គ្រប់ប្រាណគ្រប់វ័យ។
       ១២. សូមជួយរកពាក្យសេចក្តី                   តើគឺសុខអ្វី?                        ធៀបន័យគ្រហែត។
       ១៣.សុខមិនយូរហើយបាត់ភ្លែត               ឈឺយ៉ាប់រកពេទ្យ                គ្រហែតឃ្លាតឆ្ងាយ។
       ១៤. ផ្តើមដោយស្រីប្រុសពីរកាយ             ផ្សំដោយរូបកាយ                សប្បាយសោយឆី។
       ១៥. សផ្សំង.ឈរចាំស្រី                           នាង.វហាក់ភ័យ                  រូបស្រីពួនក្រោម។
       ១៦.ហៅអាចាប់ងកុំផោម                         ថែមសមុខចោម                 យល់ឆោមន័យច្បាស់។

       -ឡាទ្រូស គឺពាក្យគ្រលាស់មានន័យសំដៅថាៈ លុះត្រា។
លីម ចំរើន ១៨.០៩.២០១២ (ម៉ោង៤ទាប់ភ្លឺ)