Monday, August 15, 2011

មនុស្សនិងលុយ​

(បទក្របចក្រវាឡមេពាក្យ១២ថ្មី)
        ១.​​​​​    មនុស្សនិងលុយ​ ស្អុយកេរ្តិ៍ឈ្មោះ ព្រោះតែវា ជាទម្លាប់
                មិនខ្លាចងាប់ ជាប់ប្រចាំ កម្មលែងព្រឺ ឌឺសាងបាប
                ទោះគេឃាត់​ មាត់ប្រឹងហាម តាមមិនបាន ប្រាណឆ្អេះឆ្អាប
                ច្បាប់បង្រ្កាប សាបឥតន័យ អ្វីបន្តិច​ ល្បិចអាងលុយ។
        ២​​​​​​.    ស្ទូចអ្នកចាប់ ច្បាប់នៅក្រៅ ហៅលែងលឺ​ ឌឺអស្ចារ្យ
                អាងដុល្លារ ចារទង្វើ ធ្វើអាក្រក់ ល្អក់ក្លិនស្អុយ
                តាមគ្នីគ្នា ពាលាចិត្ត គិតគ្រប់ស្នៀត ឆ្លៀតរកលុយ
                តកន្ទុយ រុយសុំខ្មាស់ ច្បាស់មិនខ្លាច​ កាចចិត្តហ៊ាន។
        ៣.    ធ្វើគ្រប់យ៉ាង​​ កាងលួចលាក់ ជាក់រលួយ​​ ពួយស៊ីនុយ
                មនុស្សនិងលុយ រុយនិងអាចម៍ កាច់កុងគ្នា ពៀរបំពាន
                ឫកក្អេងក្អាង សាងសព្វហេតុ​​ ប្រេតសុំខ្មាស់ ច្បាស់ដូចព្រាន
                ជួញគ្រឿងញៀន ឃ្លានកាប់ឈើ ធ្វើគ្រប់កល ខ្វល់សង្គម។
        ៤.    មនុស្សនិងលុយ នុយជីវិត ពិតកំណាច កាចអស្ចារ្យ
                គ្មានមេត្តា ថាខុសត្រូវ នៅលើលុយ​ ស្អុយរងំ
                បែកសាមគ្គី ស៊ីគ្នាឯង ក្រែងមិនមាន ហ៊ានសើចយំ
                សាងគំនុំ​ គុំគ្រប់ញាតិ​​ ឃ្លាតច្បាប់សាង កាងព្រោះលុយ។



នៅៈ ថ្ងៃអង្គារទី០៧ ខែមិថុនា ឆ្នាំ២០១១ (ម៉ោងៈ ៧ៈ២០នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១

No comments:

Post a Comment