កាលពេលព្រឹកមួយនោះ ឧត្តមនិងមេត្តាទៅលេងផ្សារដូចសព្វមួយដង។ ពួកគេជាមិត្ត សម្លាញ់ដ៏ជិត ស្និទ្ធនឹងគ្នា ជាទូទៅឲតែពេលទំនេរពីការសិក្សាពួកគេទាំងពីរនាក់ តែងតែនាំគ្នាដើរលេងផ្សារ មើលគេមើលឯង លក់បន្លែបង្កា ត្រី សាច់ គ្រប់មុខមកពីគ្រប់កន្លែងប្រជុំគ្នាលក់ នៅផ្សារបន្លែនោះ។ គាប់ជួនពេលកំពុងដើរមើល គេនោះ មេត្តាក៏បានជួបនិងទិដ្ឋភាពមួយដ៏គួរឲសង្វេគបំផុតគឺជារូបភាពនៃលោកយាយចាស់ទុរគតម្នាក់។ កំពុង អង្គុយលើកដៃសំពះ ដោយមិនចេញវាចា មួយម៉ាត់សោះ ប៉ុន្តែសកម្មភាពនេះវាបង្ហាញឲមេត្តាគិតយល់បាន យ៉ាងច្បាស់ថា គាត់ធ្វើដូចនេះ គឺបំណងចង់សុំលុយកាត់បន្តិចបន្តួច ពីអ្នកមានចិត្តមេត្តាអាណិតអាសូរសង្រ្គោះគាត់ដោយស្មោះស ដើម្បីចិញ្ចឹមជីវិត មួយថ្ងៃសម្រាប់តែមួយថ្ងៃ រស់សម្រាប់តែរង់ចាំថ្ងៃស្លាប់ ឲផុតកម្មពៀរប៉ុណ្ណោះ។ លោកយាយចាស់នោះ មានរាងកាយស្គមកំព្រឹង ស្បែកដណ្តប់ឆ្អឹង សំលៀកបំពាក់តែមួយ បំលាស់ ជាប់ខ្លួនជាមួយកូនបង្វិចតូចមួយនៅក្បែរគាត់។ មិនបាច់ប្រាប់ក៏មេត្តាអាចកាត់យល់បានថាក្នុងបង្វិច មួយនោះគ្មានអ្វីក្រៅពី ខោអាវចាស់ៗ ដែលគេដាក់ទានជូនគាត់ដោយក្តីអាណិតមេត្តា។ នៅពេលនោះផងដែរ មេត្តាមើលជើងលោកយាយចាស់ទុរគតដ៏កំសត់មានដំបៅរលួយហើយហាក់មានក្លិនអសោចខ្លះជាមួយផង។ ព្រោះពេលអ្នកផងគេដើរកាត់ក្បែរគាត់ស្ទើរគ្រប់គ្នា មេត្តាសង្កេតឃើញពួកគេទាំងអស់នោះយកដៃបិទច្រមុះ គេចចេញឆ្ងាយដោយហាក់មិនចង់នៅក្បែរគាត់។ មានដែរ អ្នកអាណិតគាត់ដាក់លុយកាក់បន្តិចបន្តួចដោយក្តី មេត្តាទៅតាមកំលាំងសទ្ធារៀងៗខ្លួន។ មេត្តាមើលឃើញទិដ្ឋភាពទាំងអស់ដូចនេះ គេសង្វេគចិត្តយ៉ាងខ្លាំង ផ្តើម ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ ក្នុងចិត្តគេមានកូនចិត្តមួយកើតឡើងបំណងចង់យកលុយបន្តិបន្តួច របស់គេ ទៅជូនលោកយាយចាស់ដ៏កំសត់នោះដែរ។ តែគាប់ជួនត្រូវឧត្តមមិត្តរបស់គេឃាត់មិនចង់ឲទៅទេ ព្រោះលោក យាយចាស់នោះ មានរូបអាក្រក់គួរឲខ្លាចនិងគគ្រិចស្មោគគ្រោគទៀត។ ថ្វីបើយ៉ាងនេះក្តីក៏ ឧត្តម នៅមិនអាច ឃាត់កំលាំងចិត្តរបស់មេត្តា មិនឲយកលុយទៅជូនលោកយាយចាស់នោះបានទេ។ ប៉ុន្តែមុនពេល ទៅ មេត្តាបានលើកយកសម្តីរបស់ម្តាយគេ មកប្រាប់ពន្យល់ហេតុផលដល់ឧត្តមបន្ថែមថា ឧត្តមអើយម៉ែខ្ញុំប្រាប់ ថាគ្មានអ្នកណាម្នាក់កើតមកហើយចង់រស់នៅលំបាកវេទនា ដើរសុំទានគេទេ។ ទោះបីជាពួកគាត់ពិការទុរគត ឬ ក៏មានកាយសម្បទាគ្រប់ទាំងអស់ក៏ដោយ។ ពួកគាត់ធ្វើយ៉ាងនេះ ព្រោះតែពួកគាត់មានផលលំបាកផ្សេងៗគ្នា ជាច្រើនដែលមិនអាចនិយាយប្រាប់គេបាន។ ម្យ៉ាងក៏មិនសូវមាននរណាម្នាក់គេចូលចិត្ត ស្តាប់រឿងរបស់ពួក គាត់ដែរ ក្រៅពីអ្នកក្រអ្នកខ្សត់ធ្លាប់អត់ស៊ីលំបាកដូចគ្នាទេ ដែលយល់ចិត្តថាពួកគាត់លំបាក់ប៉ុណ្ណា និង ត្រូវការអ្វី ឲពិតប្រាកដនោះ..? គឺគ្មានចង់បានអ្វីក្រៅពីបានហូបចុកឆ្អែតរស់នៅសមរម្យដូចមនុស្សទូទៅប៉ុណ្ណោះ ពេលពួក គាត់ជួបការលំបាកដូចនេះ។ តើធ្វើដូចម្តេចបើជីវិតពួកគាត់គ្មានវាសនាល្អ ដូចពួកអ្នកមានសំបូរលុយចាយ វាយហូរហៀរ មួយចំនួននោះឡើយ។ អ្នកម៉ែក៏បានប្រាប់ទៀតថា នរណាៗក៏គេត្រូវការ កិត្តយសថ្លៃថ្នូរប្រពៃ ដូចមនុស្សរាល់គ្នា ឬក៏រកការងារធ្វើសមរម្យដូចគេឯងដែរ តែពួកគាត់ទាំងអស់នោះអាចគ្មានឱកាសល្អដូចគេ។
ដូចនេះកូនគួរតែបើកចិត្តឲទូលាយចេះអាណិតអាសូរមេត្តាដូចឈ្មោះកូន ដល់ទុរគតជនឬអ្នកទីទ័លក្រ ទាំងពួងទៅតាមអ្វីដែលកូន អាចធ្វើទៅបានកុំនិយាយមើលងាយ ឬស្អប់ពួកគាត់អី។ ពិសេសកូនកុំមើលបំណាំ គ្នាត្រូវចេះចែករំលែកសេចក្តីសុខរបស់យើង ដល់ពួកគាត់ផង។ ថ្វីបើពួកយើងមិនមានអ្វីច្រើនឲក៏ដោយ សុំ ត្រឹមតែមានទឹកចិត្តអាណិតអាសូរដល់ពួកគាត់ដោយ ក្តីមេត្តានិងស្មោះស គឺគ្រប់គ្រាន់ហើយ សម្រាប់ពួកយើង អ្នកក្រខ្សត់អត់ដូចគ្នានេះ។ ទោះបីតាមរូបភាពណាក៏ដោយ តិចក្តីច្រើនក្តី ក៏វាជាទឹកចិត្តដ៏ប្រពៃ ជាបុណ្យកុសល របស់ពួកយើងម្នាក់ៗរៀងៗខ្លួនទេ។ (ការធ្វើអំពើល្អតែបន្តិចបន្តួច ចំពោះអ្នកទីទ័លក្រ ត្រូវការចំបាច់ដោយ សេចក្តីស្មោះសអស់ពីចិត្ត វាមានតម្លៃក្រៃលែងជាង ការធ្វើអំពើល្អដ៏ច្រើនមហិមាចំពោះអ្នកមានសំបូរសប្បាយ គ្មានតម្រូវការចំបាច់ ដូចពួកអ្នកក្រខ្សត់នោះ)។ ប៉ុន្តែទោះបីជាយ៉ាងណាកូនគួរតែប្រកាន់ចិត្តមេត្តា គ្រប់ពេល វេលា ចំពោះមនុស្សទូទៅមិនថាពួកអ្នកមានឬពួកអ្នកក្រឡើយ។ ប្រសិនណាពួកគេត្រូវការឲយើងជួយសង្រោះ ដោយសេចក្តីស្មោះពិតនោះ។
ក្រោយពីឧត្តម បានស្តាប់យល់អស់សេចក្តីដែល មេត្តានិយាយលើករៀបរាប់ពីសម្តីម្តាយរបស់គេមក។ ឧត្តម ក៏កើតមានទឹកចិត្តជ្រះថ្លាទូលាយអាណិតអាសូរមេត្តាដល់លោកយាយចាស់នោះ ដូចមេត្តាដែរ។ ឈប់ មានចិត្តភ័យខ្លាចឬស្អប់គាត់ ដូចពេលមុនទៀតហើយ មិនតែប៉ុណ្ណោះពួកគេទាំងពីរក៏បានសម្រេចចិត្ត ដើរទៅ ជិតលោកយាយចាស់ទុរគតនោះទាំងអស់គ្នា។ ឧត្តមបានដកលុយចេញពីហោប៉ៅខោគេ ៥០០រៀល ជូនទៅ លោកយាយចាស់នោះ ឯមេត្តាវិញគេជូនលោកយាយចាស់ តែ២០០រៀលទេ ព្រោះគេក៏មិនមែនជាកូនអ្នក មានធូរធារដូចឧត្តមឡើយ។ ប៉ុន្តែមេត្តា គឺគេជាក្មេងប្រុសម្នាក់ឧស្សាហ៍ព្យាយាមរៀនសូត្រជាងឧត្តម ហើយមាន ការសង្កេតគិតច្រើនជាងឧត្តម។ នៅពេលដែរលោកយាយចាស់នោះបានទទួលយកលុយ តែបន្តិចបន្តួចរបស់ ក្មេងទាំងពីរគាត់សប្បាយចិត្តណាស់រហូតដល់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតែគាត់ហាក់នឹកស្រណោះ ដល់ទឹកចិត្តដ៏ល្អប្រពៃរបស់ពួកគេទាំងពីរ។ ទោះបីជាពួកគេនៅក្មេងក៏ដោយ ក៏ពួកគេចេះគិត អាណិតដល់ ទុរគតជន ដូចជារូបគាត់គ្មានការរើសអើងឡើយ។ ខុសពីមនុស្សចាស់ខ្លះ ពួកគេមានហូបចុកហូរហៀរក៏ដោយ គេទាំងអស់នោះនៅតែអត់ចិត្តគ្មានក្តីមេត្តាចំពោះពួកទុរគតជនទូទៅទេ។ ខ្លះវិញឲលុយដែរតែ១០០រៀលឬ ២០០រៀលប៉ុណ្ណោះ។ ហាក់ដោយការទើសទាល់មិនចង់ឃើញមុខ ហើយខ្លះទៀតថែមទាំងនិយាយថាឲនូវ ពាក្យមិនសមរម្យជាច្រើនដាក់ពួកគាត់ទៀតផងក៏មាន។ ក្រោយទទួលបានលុយពីពួកគេទាំងពីរនាក់ហើយ គាត់បានជូនពរជ័យជាច្រើនដល់កុមារទាំងពីរឲរៀនពូកែមានសុខភាពល្អ និងជួបតែសិរីគ្រប់ប្រការ។
នៅព្រឹកនោះ ឧត្តមនិងមេត្តា ពួកគេសប្យាយចិត្តណាស់ ព្រោះពួកគេបានធ្វើបុណ្យអស់ពីចិត្ត ដោយ មេត្តាស្មោះត្រង់បំផុត។ ព្រឹកមួយនោះ គឺជាព្រឹកដ៏ពិសេសក្រៃលែងសំរាប់មេត្តា ក្នុងការសិក្សាស្វែងយល់ក្រេប យកចំណេះដឹងអំពីមេរៀនជីវិត ហើយមេត្តាក៏បានប្រកាន់ទ្រឹស្តីមួយឃ្លាក្នុងចិត្តគេថាៈ ម្តាយគេដូចម្តាយយើង, យាយគេដូចយាយយើង, ប៉ាគេដូចប៉ាយើង, តាគេដូចតាយើង គ្រប់ញាតិរបស់គេមានទុក្ខលំបាក ដូចជាញាតិ របស់យើងលំបាកដែរ។ពេលមានទុក្ខនោះ ទោះបីជាយើងមិនបានជួយអ្វីធំដុំដល់ពួកគាត់ក៏ដោយ ឬឲអ្វីទៅគាត់ មិនត្រូវតម្កើងខ្លួនវាយឫកខ្ពស់ហួសហេតុប្រមាថពួកគាត់ទេ។ ព្រោះគ្មាននរណាប្រាថ្នាកើតមក លំបាកវេទនា ដូចនេះឡើយ គឺសុទ្ធតែប្រាថ្នាចង់កើតមកសំបូរសប្បាយ រស់នៅសមរម្យដូចមនុស្សទូទៅ ក្នុងលោកដែរ។ ពួកគាត់ធ្វើដូចនេះ គឺសុទ្ធតែមានហេតុនិងផលរបស់ពួកគាត់ម្នាក់ៗដែលមនុស្សដ៏ទៃមិនងាយយល់បាន។
ចាប់ពីព្រឹកមួយនោះមកឧត្តម និងមេត្តាតែងតែដាក់ទានជូនដល់ទុរគតជនទាំងពួង តាមសទ្ធារៀងៗខ្លួន ដោយគា្មនការស្អប់ប្រមាថមើលងាយឡើយ។ ជាពិសេសពួកគេទាំងពីរនាក់ ថែមទាំងជួយពន្យល់ដល់មិត្តភ័ក្រ្ត នៅសាលារៀនមួយចំនួនខ្លះ ដែរពីមុនមកធ្លាប់មានគំនិតអវិជ្ជមានចំពោះទុរគតជនផងទាំងពួង ឲបែរមកមាន ចិត្តមេត្តាគិតពួកគាត់ទាំងអស់នោះក្នុងផ្លូវវិជ្ជមានវិញ ព្រោះពួកគាត់ទាំងអស់នោះសុទ្ធតែជាខ្មែរដូចគ្នាទេ។
នៅៈ ថ្ងៃទី១៧ដល់១៨ ខែសីហា ឆ្នាំ២០១១ (ម៉ោងៈ ៦ៈ២០នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១
No comments:
Post a Comment